សមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

សិទ្ធិអំណាច ភារកិច្ច និងការទទួលខុសត្រូវទាក់ទងនឹងផែនការកម្ម ការៀបចំ ការចាត់ចែង និងត្រួតពិនិត្យការបោះឆ្នោត មានដូចតទៅ៖

  1. ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់ ។
  2. រៀបចំគម្រោងផែនការការងារ ថវិកា និងសម្ភារបម្រើឱ្យការបោះឆ្នោត និងផ្សព្វផ្សាយប្រតិទិននៃការបោះឆ្នោត ។
  3. តែងតាំងគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ។
  4. ធ្វើបទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានាសម្រាប់ដំណើរការបោះឆ្នោត ក្នុងក្របខ័ណ្ឌនៃច្បាប់ជាធរមាន ។
  5. លើកវិធានការ និងចាត់ចែងការងារ ដើម្បីធានាកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសម័យបោះឆ្នោត ។
  6. ត្រួតពិនិត្យការងាររបស់គណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។
  7. កំណត់ព្រំដែនការិយាល័យបោះឆ្នោត ។
  8. ចេញសេចក្តីសម្រេចកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។
  9. ផលិត និងបែងចែកសម្ភារ បរិក្ខារ បម្រើឱ្យការងារបោះឆ្នោត ។
  10. ជ្រើសរើស និងតែងតាំងមន្រ្តីចុះជួយពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។
  11. រៀបចំបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។
  12. ពិនិត្យ និងផ្តល់សុពលភាព បញ្ជីបោះឆ្នោត ។
  13. ទទួល និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោតជាធរមាន ។
  14. គ្រប់គ្រង និងត្រួតពិនិត្យការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោត ។
  15. រៀបចំ និងចាត់ចែងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផល ។
  16. ដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬផ្តល់សិទ្ធិបោះឆ្នោតឡើងវិញ ។ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ឬលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ។ លុបបេក្ខភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ឬទទួលស្គាល់បេក្ខភាពឈរឈ្មោះបោះឆ្នោតឡើងវិញ ។
  17. ត្រួតពិនិត្យចំណូល និងចំណាយ ក្នុងរយៈពេលឃោសនាបោះឆ្នោតរបស់បេក្ខជន និងគណបក្សនយោបាយ ។
  18. ចាត់វិធានការ និងសម្របសម្រួល ដើម្បីឱ្យមានការប្រើប្រាស់ប្រព័ន្ធឃោសនាសាធារណៈតាមគោលការណ៍ស្មើភាព និងសមធម៌ ។
  19. ផ្តល់ព័ត៌មាន ទិន្នន័យ និងស្ថិតិអំពីដំណើរការបោះឆ្នោតដល់គណបក្សនយោបាយ និងបេក្ខជន និងទទួលសំណើនានាទាក់ទងនឹងការងារបោះឆ្នោត ។ ធានាឱ្យមានការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលជាប្រចាំ អំពីកិច្ចដំណើរការបោះឆ្នោតរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាមួយគណបក្សនយោបាយ បេក្ខជន និងអ្នកដែលពាក់ព័ន្ធនានា ។
  20. ផលិតឯកសារផ្សព្វផ្សាយ អំពីការងារបោះឆ្នោត ។
  21. លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការងារបោះឆ្នោត តាមរយៈការអប់រំ និងកម្មវិធីផ្សព្វផ្សាយជាសាធារណៈ និងដោយមធ្យោបាយផ្សេងៗទៀត ។
  22. រៀបចំឯកសារ កម្មវិធី និងបណ្តុះបណ្តាលមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោត ។
  23. ពិនិត្យសម្រេច និងចេញប័ណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ។
  24. ត្រួតពិនិត្យ ដើម្បីធានាភាពត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។
  25. សម្រេចដោយបើកសវនាការជាសាធារណៈលើបណ្ដឹងតវ៉ា ឬបណ្តឹងជំទាស់ទាក់ទងនឹងការបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត លើកលែងតែបណ្តឹងដែលទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ ។
  26. បង្ការ និងត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ។
  27. រៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ០៦ (ប្រាំមួយ) ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ០៣ (បី) ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ ។ ដំណើរការនៃការបំផ្លាញសន្លឹកឆ្នោតខាងលើនេះ ត្រូវធ្វើឡើងប្រកបដោយលក្ខណៈបើកចំហ និងមានការចូលរួមពីគណបក្សនយោបាយដែលពាក់ព័ន្ធ ។
  28. អនុវត្តការងារដទៃទៀតតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ៖

  1. ធានាថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងអស់ ត្រូវប្រតិបត្តិតាមច្បាប់ បទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ព្រមទាំងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត ។
  2. កោះអញ្ជើញ និងដឹកនាំរាល់ការប្រជុំសាមញ្ញ និងការប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
  3. ជាតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងការទំនាក់ទំនងជាមួយ ព្រះមហាក្សត្រ ស្ថាប័ននានា អង្គការជាតិ និងអង្គការអន្តរជាតិ ។
  4. ជូនរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅរដ្ឋសភា និងព្រឹទ្ធសភា ។
  5. ចុះហត្ថលេខាលើគ្រប់ឯកសារផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន។ កាលបើប្រធានអវត្តមាន ឬមកធ្វើការពុំបាន អនុប្រធានធ្វើការជួសប្រធាន ក្នុងឋានៈជាប្រធានស្តីទី តាមរយៈលិខិតផ្ទេរសិទ្ធិ ។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលភារកិច្ចតាមការកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង និងតាមការប្រគល់ភារកិច្ចពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  អាចចេញសេចក្តីសម្រេចប្រគល់សិទ្ធិរបស់ខ្លួនដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត និងមន្ត្រី ឬភ្នាក់ងារបម្រើការងារបោះឆ្នោត ដើម្បីអនុវត្តការងារបោះឆ្នោត ។

ប្រាក់បំណាច់ និងប្រាក់កម្រៃសម្រាប់សមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

របៀបរបបការងាររបស់ គ.ជ.ប

របៀបរបបធ្វើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុងដែលរៀបចំ និងអនុម័តដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បន្ទាប់ពីចូលកាន់តំណែង ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកកោះប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងករណីដែលសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានចូលរួមប្រជុំ ឬអវត្តមានដោយគ្មានមូលហេតុតាមការកោះប្រជុំចាប់ពី ០៣ (បី) ដងឡើងទៅ សមាជិកនោះ ត្រូវចាត់ទុកថាបោះបង់មុខតំណែង ។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយភាគបី (១/៣) មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់ជាមួយរបៀបវារៈ ឬកម្មវត្ថុជាក់លាក់ទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីកោះប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកោះប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ការប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចយកជាការបាន លុះត្រាតែមាន៖

  • កូរ៉ុមពីរភាគបី (២/៣) នៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូលសម្រាប់ការអនុម័តការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី (២/៣) នៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ។
  • កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុម័តសម្រេចបទបញ្ជាផ្ទៃក្នុង និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដោយសំឡេងពីរភាគបី (២/៣) នៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ។ ករណីមិនមានកូរ៉ុម ឬ/និងសំឡេងគ្រប់ចំនួនសម្រាប់អនុម័តតាមមតិភាគច្រើន ពីរភាគបី (២/៣) នៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការកោះប្រជុំជាលើកទី២ នៅថ្ងៃបន្ទាប់ជាបន្ទាន់ ហើយកូរ៉ុម និងសំឡេងសម្រាប់អនុម័ត ត្រូវមានចំនួនភាគច្រើនដាច់ខាតនៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ។

ក្រៅពីបទបញ្ជាផ្ទៃក្នុង និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវអនុម័តសម្រេច ដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល ។

ករណីមានសំឡេងស្មើគ្នាក្នុងការអនុម័តលើបញ្ហាណាមួយ សំឡេងរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឧត្តមានុភាព ។

ក្នុងករណីដំណើរការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវជាប់គាំងដោយសារមិនមានកូរ៉ុម ឬមិនមានសំឡេងគ្រប់គ្រាន់ ដើម្បីអនុម័តបញ្ហាណាមួយ រដ្ឋសភាត្រូវធ្វើការសម្រេចរំសាយសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានបញ្ហានោះ ហើយត្រូវរៀបចំសមាសភាពថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

រាល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការធ្វើសេចក្តីសម្រេច ។

 

 

ទាញយកកម្មវិធី(App) CamNEC News