តបតាមលិខិតអញ្ជើញជាផ្លូវការរបស់ឯកឧត្តម Umesh Sinha អគ្គលេខាធិការ គ.ជ.ប ឥណ្ឌា ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងមន្រ្តី ជាន់ខ្ពស់ គ.ជ.ប ចំនួន ៥រូប ដឹកនាំដោយ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមកម្មវិធី សង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ចំនួន ៥រដ្ឋ នៃប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ។
ការសង្កេតការណ៍នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាការផ្តល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសិក្សា ស្វែងយល់ និងសង្កេតមើលពីដំណើរការនៃការបោះឆ្នោត នៅប្រទេសមួយដែលមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គ.ជ.ប ឥណ្ឌា បានយកចិត្តទុកដាក់ខ្លាំងលើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដែលរួមមាន ការតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ការពិនិត្យកម្តៅ ការពាក់ម៉ាស ឬរបាំងមុខ ពាក់ស្រោមដៃ និងបាញ់អាល់កុល សម្រាប់អ្នកបោះឆ្នោត ហើយមន្រ្តីបោះឆ្នោតត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា។
ប្រទេសឥណ្ឌាបាន និងកំពុងរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៥ គឺរដ្ឋ Assam រដ្ឋ Kerala រដ្ឋ Tamil Nadu រដ្ឋ West Bengal និងដែនដីសហភាព Union Territory of Puducherry។
ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០២១ ក្នុងរដ្ឋទាំង ៥នេះ ឯកឧត្តម ម៉ុក ដារ៉ា បានកត់សម្គាល់អំពីតួលេខសំខាន់ៗ រួមមាន៖
- មណ្ឌលបោះឆ្នោត មានចំនួន ៨២៤ មណ្ឌល
- ការិយាល័យបោះឆ្នោត មានចំនួន ១៥៣,៥៣៨ ការិយាល័យ
- ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួនប្រមាណ ១០៧ លាននាក់
- អ្នកបោះឆ្នោតក្នុងមួយការិយាល័យត្រូវកាត់បន្ថយមកត្រឹម ១,០០០ នាក់ ដោយសារត្រូវរក្សា គម្លាតសុវត្ថិភាពបុគ្គល ស្របតាមវិធានសុខាភិបាល
- អ្នកសង្កេតការណ៍ មានចំនួន ៥៦៥ នាក់
កម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រតិភូ ចំនួន ១១០រូប មកពី ២៦ ប្រទេសផ្សេងទៀត ព្រមទាំងមានការចូលរួមពីអង្គការអន្តរជាតិចំនួន ៣ទៀត រួមមាន៖
- អង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)
- វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ និងជំនួយផ្នែកបោះឆ្នោត (International IDEA)
- សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និងការចូលរួមសង្កេតការណ៍ពីអគ្គរដ្ឋទូតនៃប្រទេស Georgia អគ្គរដ្ឋទូតនៃប្រទេស Uzbekistan ឧត្តមស្នងការស្តីទីនៃប្រទេស Sri Lanka និងសមាជិកអង្គទូតផ្សេងៗទៀតផងដែរ។
សូមជម្រាបជូនថា នេះ គឺជាលើកទី២ ហើយ ដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតនៅប្រទេសឥណ្ឌា។ ការសង្កេតការណ៍លើកទី១ គឺការចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហារនៃប្រទេសឥណ្ឌា៕