គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប បានសម្រេចលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃ រាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។ ជាមួយគ្នានេះដែរ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។
ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពបនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ ។
សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបាន បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិបាល។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់មេត្តាជ្រាប៕