គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ឱ្យបានជ្រាបថា ៖
- នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុងបូកគោ នៃខេត្តកំពត ត្រូវអនុវត្តតាមជំពូកទី២ ផ្នែកទី៣ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ គណបក្សនយោបាយ អាចទាញយកនីតិវិធីនេះពីគេហទំព័រ គ.ជ.ប (www.nec.gov.kh)។
- ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។
- គណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅលេខាធិការដ្ឋានគណៈកម្មការរៀប-ចំការបោះឆ្នោតខេត្តកំពត។
- កាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។
- ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។
គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងមានបំណងឈរឈ្មោះបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព។