គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.ប នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញ គ.ជ.ប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត យ៉ាងតិច ៨០ ថ្ងៃ មុនកាលបរិច្ឆេទនៃការបោះឆ្នោត។ ដូចនេះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមានរយៈពេល ៥ ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយទាំងអស់អាចស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានកំណត់ក្នុងទម្រង់បែបបទលេខ ១០០៨។
សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ ៕