- ទម្រង់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
- ទម្រង់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ជ្រាបថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវរៀបចំឡើងនៅក្នុងរាជធានី ខេត្តទាំង ២៥ ដោយក្នុងរាជធានី ខេត្តមួយត្រូវជ្រើសរើសយកឃុំ សង្កាត់ចំនួន ១ និងមានការិយាល័យបោះឆ្នោតចំនួន ២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ តាមការកំណត់របស់ គ.ជ.ប។ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រូវបានកំណត់ ដូចខាងក្រោម ៖
I. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
- គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្ស នយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតការណ៍មើលក្នុងដំណើរការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១។ គណបក្សនយោបាយ អាចចាត់តាំងភ្នាក់ងាររបស់ខ្លួន ដូចខាងក្រោម ៖
- ភ្នាក់ងារចំនួន ២ រូប នៅ គ.ជ.ប ដើម្បីចូលរួម តាមដានសង្កេតមើលដំណើរការបោះឆ្នោត សាកល្បង នៅថ្នាក់ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការការិយាល័យបោះឆ្នោត និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ)។
- ភ្នាក់ងារចំនួន ៤ រូប ក្នុងមួយរាជធានី ខេត្តសម្រាប់ចូលរួម តាមដានសង្កេតមើលដំណើរការបោះឆ្នោតសាកល្បង នៅថ្នាក់ លធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ។ នៅក្នុងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ភ្នាក់ងារទាំង ៤ រូប ត្រូវបំបែកគ្នា ២ រូប សម្រាប់ ១ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺភ្នាក់ងារពេញសិទ្ធិ ១ រូប និងភ្នាក់ងារបម្រុង ១ រូប។
- គំរូពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬ អាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួននៅ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ជាន់ទី៩)។
II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬ អាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ជាន់ទី៩)។
- អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប រួចហើយ និងបានទទួលបណ្ណសម្គាល់ពី លធ.ខប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ តាមការកំណត់របស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវពាក់បណ្ណសម្គាល់ ដែលចេញដោយ លធ.ខប។
- អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប រួចហើយ និងបានទទួលបណ្ណសម្គាល់ពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ តាមការកំណត់របស់សាមីអង្គការដោយត្រូវពាក់បណ្ណសម្គាល់ ដែលចេញដោយ គ.ជ.ប។
III. សំណូមពរ
បន្ទាប់ពីដំណើរការបោះឆ្នោតសាកល្បង បានចប់សព្វគ្រប់ហើយ សាមីអង្គការសង្កេតការណ៍ទាំងឡាយ ត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ ខ្លួន នៅក្នុងដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ជូន គ.ជ.ប។
គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។