គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការបោះឆ្នោតសាកល្បងខាងមុខនេះ គ.ជ.ប នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន ៥ (ប្រាំ) ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នីមួយៗ ដើម្បីចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់គោលដៅចំនួន ២៥ (ម្ភៃប្រាំ) ក្នុងរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតសាកល្បង។ បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសាកល្បង ត្រូវអនុវត្តដោយផ្ទាល់តាមទម្រង់ពាក្យសុំចុះបញ្ជី (ទ.១០០៨) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ។
ក្នុងដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់របស់ គឃ.សប មុននឹងសម្រេច ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប បានបង្កើត “កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ” ដែលធានាថា ៖
- ឈ្មោះ និងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវតាមបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប
- អាយុរបស់បេក្ខជនពិតជាត្រឹមត្រូវតាមការកំណត់នៃច្បាប់
- បេក្ខជន ១ រូបឈរឈ្មោះបានតែ ១ គណបក្សនយោបាយ
- បេក្ខជន ១ រូប ឈរឈ្មោះបានតែ ១ មណ្ឌលបោះឆ្នោត។
សម្រាប់ការបោះឆ្នោតសាកល្បងនេះ ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវធ្វើឡើងតាម ២ (ពីរ) របៀប ៖
របៀបទី១ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដោយដៃ (តាមលំនាំនីតិវិធីចាស់) ដែលក្នុងករណីនេះ បន្ទាប់ពីទទួលបានពាក្យសុំចុះបញ្ជី (ទ.១០០៨) ជាផ្លូវការរួចហើយ គឃ.សប ត្រូវបញ្ចូលទិន្នន័យបេក្ខជនទាំងនោះទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ និងលក្ខខណ្ឌឈរឈ្មោះរបស់បេក្ខជនទៅនឹងបញ្ជីបោះឆ្នោតផ្លូវការ និងឯកសារបំពេញលក្ខខណ្ឌនានា ដែលជាមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចលើពាក្យស្នើសុំ។
របៀបទី២ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម “កម្មវិធីរៀបចំបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ” របស់ គ.ជ.ប ដូចបញ្ជាក់ខាងលើ។ ក្រោយពីរៀបចំរួចហើយ គណបក្សនយោបាយត្រូវរក្សាទិន្នន័យបញ្ជីបេក្ខជននេះ នៅក្នុងហ្វ្លាស់មួយ និងត្រូវបោះពុម្ពបញ្ជីនេះជាឯកសារភ្ជាប់ជាមួយពាក្យសុំចុះបញ្ជី (ទ.១០០៨) ដែលត្រូវដាក់ដោយផ្ទាល់ទៅ គឃ.សប ។
បន្ទាប់ពីបានសម្រេចទទួលស្គាល់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការហើយ គឃ.សប ត្រូវបញ្ជូនសំណុំឯកសារ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមឋានានុក្រមមក គ.ជ.ប ស្របតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសង្កេតមើលដំណើរការបោះឆ្នោត សាកល្បងនេះ។