ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ១ ក្នុងចំណោម គណបក្សនយោបាយទាំង ៤ បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖
- គណបក្សប្រជាជនកម្ពុជា ៖ មានការប្រមូលផ្តុំសមាជិក ២០០ នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្ត ចំនួន ៨០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។
- ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។
ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយគណបក្សនយោបាយទាំង ៤ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ បានធ្វើសកម្មភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដូចជាការចាក់មេក្រូ ការចែកខិតប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។
លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល ៨ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតនេះត្រូវចាប់ផ្តើមពីម៉ោង ៦:០០ នាទីព្រឹក ដល់ម៉ោង ១០:០០ នាទីយប់ ហើយការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕