បទបញ្ជាផ្ទៃក្នុង សម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ

ដើម្បីឱ្យកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងដូចតទៅ៖

១. សម្រាប់អ្នកសារព័ត៌មាន

  • ត្រូវផ្ដល់សមាសភាពដែលត្រូវចូលរួមមក គ.ជ.ប ជាមុន ដោយភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ឬអាជ្ញាប័ណ្ណចេញដោយក្រសួងព័ត៌មាន ដើម្បីទទួលបានតំណភ្ជាប់ (Link)
  • ត្រូវបំពេញឈ្មោះ និងអង្គភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងពិតប្រាកដ
  • មិនត្រូវចែកចាយតំណភ្ជាប់ (Link) សម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ឱ្យអ្នកដែលមិនបានចុះឈ្មោះជាមួយ គ.ជ.ប ជាមុនឡើយ
  • ត្រូវប្រើប្រាស់កុំព្យូទ័រ ប្រសិនបើអាច
  • ត្រូវបិទសំឡេង (Mute) មីក្រូហ្វូន (Microphone) ដើម្បីចៀសវាងសំឡេងរំខាន
  • ត្រូវមានការអនុញ្ញាតជាមុនពី គ.ជ.ប មុននឹងធ្វើការផ្សាយបន្តផ្ទាល់អំពីកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយ គ.ជ.ប
  • ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងឥរិយាបថថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការចូលយកព័ត៌មាននៅក្នុងកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូរបស់ គ.ជ.ប។

២. សម្រាប់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ

  • ត្រូវផ្ដល់សមាសភាពដែលត្រូវចូលរួមមក គ.ជ.ប ជាមុន ដោយភ្ជាប់មកជាមួយលិខិតឧទ្ទេសនាមចេញដោយអង្គភាពសាមី ដើម្បីទទួលបានតំណភ្ជាប់ (Link)
  • ត្រូវបំពេញឈ្មោះ និងស្ថាប័នរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងពិតប្រាកដ
  • មិនត្រូវចែកចាយតំណភ្ជាប់ (Link) សម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ឱ្យអ្នកដែលមិនបានចុះឈ្មោះជាមួយ គ.ជ.ប ជាមុនឡើយ
  • ត្រូវប្រើប្រាស់កុំព្យូទ័រ ប្រសិនបើអាច
  • ត្រូវបិទសំឡេង (Mute) មីក្រូហ្វូន (Microphone) ដើម្បីចៀសវាងសំឡេងរំខាន
  • ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងឥរិយាបថថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ សម្រាប់ការបោះឆ្នោត នៅក្នុងកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូរបស់ គ.ជ.ប
  • ត្រូវលើកតាំងសំណួរឱ្យត្រូវនឹងប្រធានបទ ដោយមិនប្រើពេលវេលាអូសបន្លាយ ដើម្បីទុកឱកាសឱ្យភាគីដែលបានអញ្ជើញចូលរួមផ្សេងទៀតមានមតិ និងលើកយោបល់ផង
  • មិនត្រូវយកកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូរបស់ គ.ជ.ប ធ្វើជាវេទិកា សម្រាប់ថ្លែងសារនយោបាយ ឬធ្វើអត្ថាធិប្បាយនយោបាយរបស់ខ្លួន ឬក្រុមបក្ខខ្លួន និងធ្វើការផ្សាយបន្តផ្ទាល់ឡើយ
  • មិនត្រូវថ្លែងមតិ ឬយោបល់ ឬតាំងសំណួរ ដោយប្រើវោហារសាស្ត្រ ឬ/និងពាក្យពេចន៍ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសិទ្ធិរបស់បុគ្គល ឬ/និងស្ថាប័នណាមួយឡើយ

ភាគីដែលចូលរួមក្នុងកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌នានា របស់ គ.ជ.ប ក្នុងដំណើរការបោះឆ្នោត។

ជនណាមិនគោរពតាមបទបញ្ជាផ្ទៃក្នុងនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ នឹងត្រូវទទួលការណែនាំរំលឹកពីប្រធាននៃកិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ។ ក្នុងករណីមិនគោរពតាមការណែនាំរំលឹកនេះទេ ជនបង្កនឹងត្រូវដកចេញពីប្រព័ន្ធវីដេអូ ឬ/និងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕

 

ទាញយកកម្មវិធី(App) CamNEC News