ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។
ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។ តាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល៖
- សម្រាប់ ១៥ថ្ងៃដំបូង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់។
- រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នីមួយៗ។
- នៅរយៈពេល ១០ថ្ងៃចុងក្រោយ នៅថ្ងៃទី២១ ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។
- ដោយឡែករៀងរាល់ ១៥ថ្ងៃម្ដង ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃ ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ។ តាមប្រតិទិនការងារ ការបិទការិយាល័យ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា រយៈពេលនៃការចល័តក្រុមចុះឈ្មោះបោះឆ្នោតទៅតាមភូមិក្នុងឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្រ្ត និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងប្រកបដោយសុវត្ថិភាព។
យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២១ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១.៦៣៥.៩៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣.០៤៣ នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣.៦១១ ការិយាល័យ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ឱ្យបានគ្រប់ៗគ្នា៕