សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៦ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយលើកទី៤ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១

នៅព្រឹកថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ លទ្ធផលបណ្តោះ អាសន្ន និងបញ្ហាប្រឈម ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់។

ឯកឧត្តម ឌុច សុន មានប្រសាសន៍បន្ថែមថា ស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គ.ជ.ប បានចាត់វិធានការនានាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់ នូវវិធានការ ៣កុំ ៣ការពារ។ ចំពោះដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះគឺ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងទទួលបានលទ្ធផលបណ្តោះអាសន្ន ដូចខាងក្រោម ៖

  • ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ២៦២,៥៨៥ នាក់ 
  • អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១២៩,១៩៨ នាក់  
  • អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន   ៩១,៨៩៣ នាក់
  • អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន  ៧៨,១៥៩ នាក់។

ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចខាងក្រោម ៖

  • សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។ 
  • ក្រុមចុះឈ្មោះបោះឆ្នោតមួយចំនួន ពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរផ្លូវរអិល និងផ្លូវលិចទឹក។
  • សម្ភារ បរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមួយចំនួន ខូច គាំង ឬដំណើរការរអាក់ រអួល បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតតិចតួច។ 
  • តំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណែត សម្រាប់ការបញ្ជូនទិន្នន័យមក គ.ជ.ប ។
  • ប្រជាពលរដ្ឋមួយចំនួនត្រូវជាប់ចត្តាឡីស័ក និងត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយ ប្រជាពលរដ្ឋខ្លះខ្លាចជំងឺកូវីដ-១៩ មិនហ៊ានមកធ្វើការចុះឈ្មោះបោះឆ្នោត ។

ឯកឧត្តម ឌុច សុន បានបន្តថា  ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មកដល់ពេលនេះ។

មានសំណួររបស់ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានសួរពីបញ្ហាសម្ភារកុំព្យូទ័រសម្រាប់ ចុះឈ្មោះបោះឆ្នោត ចាស់ទ្រុឌទ្រោមនោះ តើអាចប៉ះពាល់ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតដែរ ឬទេ?

គ.ជ.ប បានបំភ្លឺដូចខាងក្រោម ៖

  • សម្ភារបម្រើឱ្យការចុះឈ្មោះបោះឆ្នោត មានរយៈពេល ៦ឆ្នាំហើយ សម្ភារខ្លះនៅសល់ គុណភាព ៣០% ខ្លះទៀតនៅសល់គុណភាព ៦០% ។ ទោះជាយ៉ាងណា គ.ជ.ប នៅតែ ខិតខំប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១នេះ ប្រព្រឹត្តទៅចប់ចុងចប់ដើម មិនឱ្យរាំងស្ទះការងារឡើយ។ 
  • គ.ជ.ប មានសម្ភារបម្រុងសម្រាប់ជំនួស ហើយបញ្ជូនមន្រ្តីបច្ចេកទេសកុំព្យូទ័រពីថ្នាក់ជាតិ ទៅជួយថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីបន្តជួយដល់ក្រុមចុះឈ្មោះបោះឆ្នោត ។
  • វិធានការនាពេលខាងមុខ គ.ជ.ប នឹងមានសម្ភារថ្មីដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ទិញសម្ភារថ្មី ដើម្បីជំនួសសម្ភារដែលខូចប្រើលែងកើត។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឌុច សុន បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន មន្រ្តីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបមានចំនួនប្រមាណ ៦៤នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News