គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតថា ដើម្បីឱ្យប្រជាពលរដ្ឋ អាចតាមដាន និងស្វែងយល់អំពីការងារបោះឆ្នោតបានទូលំទូលាយ គ.ជ.ប បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NEC KH» ចាប់ពីពេលនេះតទៅ។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដែលជំនួសឱ្យកម្មវិធីចាស់ «Voterlist KH» និងចូលមើលអត្ថបទ កម្រងឯកសារ រូបភាព វីដេអូផ្សេងៗ ដែល គ.ជ.ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលអ្នកបោះឆ្នោត។
ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC KH» រួចធ្វើការដំឡើងជាការស្រេច។
ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។
សូមជម្រាបជូនថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ គឺធ្វើឡើងស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕