សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ ស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយលើកទី៥ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិប-តីភាព ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង  ។

 

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ច-ប្រជុំ បានមានប្រសាសន៍ថា ថ្ងៃទី៣០ ខែវិច្ឆិកា នេះ ជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស។ បន្ទាប់ពីបញ្ចប់ការងារចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប ត្រូវអនុវត្តការងាររបស់ខ្លួនជាបន្តទៀតរួមមាន ៖
- បូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស
- ដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ (ប្រសិនបើមាន)
- ពិនិត្យ និងសម្រេចដោយ គ.ជ.ប លើលទ្ធផល និងទិន្នន័យរបស់អ្នកចុះឈ្មោះ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

ឯកឧត្តម ហ៊ែល សារ៉ាត់ មានប្រសាសន៍បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ក្នុងរយៈពេល ៤៩ថ្ងៃ ទទួលបានលទ្ធផលដូចខាងក្រោម ៖
- ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មីសរុប    មានចំនួន ៤៤២,៤៤០នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប    មានចំនួន ២១៥,២៧៥នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យសរុប    មានចំនួន ១៨៤,០៨១នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប    មានចំនួន ១៤៤,១២៦នាក់

ឯកឧត្តមបានបន្តទៀតថា  គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងណាមួយពាក់ព័ន្ធទៅនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនោះទេ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានចំណាប់អារម្មណ៍ វាយតម្លៃដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះថា ជាការងារមួយដែលបានប្រព្រឹត្តទៅ ដោយរលូនល្អ ហើយសូមសរសើរអំពីបច្ចេកទេសចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប បានរៀបចំ ឡើង។

ទន្ទឹមនឹងនេះក៏មានសំណួរមួយចំនួនផងដែរ ដែលត្រូវបាន គ.ជ.ប ឆ្លើយបំភ្លឺដូចតទៅ ៖
- ការពន្យារពេលចុះឈ្មោះបោះឆ្នោត ប្រសិនបើមានសំណើពីអាជ្ញាធរ នោះ គ.ជ.ប នឹង ពិនិត្យមើលលទ្ធភាព ប៉ុន្តែមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលសំណើណាមួយជាលាយលក្ខណ៍អក្សរពីអាជ្ញាធរទេ ។

- តួលេខនៃការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ បានច្រើនជាងឆ្នាំ២០២០ ដែលមានអ្នកចុះឈ្មោះ បោះឆ្នោតតែជាង ២០ម៉ឺននាក់ ។ រីឯឆ្នាំ២០២១នេះ អ្នកចុះឈ្មោះបោះឆ្នោតមានជាង ៤៤ម៉ឺននាក់ ។ ប្រសិនបើគិតតួលេខទាំងមូល ដែលក្រុមចុះឈ្មោះបោះឆ្នោតបានធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ មានចំនួនជាង ៩៨ម៉ឺននាក់ ដែលរួមទាំងអ្នកចុះឈ្មោះបោះឆ្នោត អ្នកកែតម្រូវទិន្នន័យ អ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី និងអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ។

- ទោះបីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានបញ្ហា ប្រឈមជាមួយជំងឺកូវីដ-១៩ ទឹកជំនន់ និងសម្ភារចុះឈ្មោះបោះឆ្នោតចាស់ទ្រុឌទ្រោមក្តី គ.ជ.ប បានមានវិធានការការពារជំងឺកូវីដ-១៩ ដែលចំនួនមន្រ្តីចុះឈ្មោះបានឆ្លងមាន ប្រមាណ ០,១% ប៉ុណ្ណោះ ហើយ គ.ជ.ប បានដោះស្រាយមិនឱ្យរាំងស្ទះការងារឡើយ ដោយដាក់មន្រ្តីចុះឈ្មោះបោះឆ្នោតជំនួស និងផ្លាស់ប្តូរសម្ភារខូចខាតទាន់ពេលវេលា។

- ឆ្លងតាមបទពិសោធន៍ឆ្នាំនេះ សម្រាប់ឆ្នាំ២០២២ខាងមុខ មានបញ្ហាប្រឈមជំងឺបំលែងថ្មី ហើយ គ.ជ.ប ក៏នឹងត្រូវត្រៀមវិធានការជាបន្តទៀត ព្រោះជាឆ្នាំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។

- នៅឆ្នាំដែលមានការបោះឆ្នោត គ.ជ.ប តែងតែចេញសេចក្តីអំពាវនាវតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យពលករក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ទូទៅដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការវិលចូលប្រទេសដើម្បីបោះឆ្នោត ព្រោះថា ការបោះឆ្នោតត្រូវធ្វើឡើងនៅតាមឃុំ សង្កាត់ក្នុងប្រទេសកម្ពុជា។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ មន្រ្តីស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបមានចំនួនប្រមាណ ៦៤នាក់៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore