សេចក្តីប្រកាសព័ត៌មាន លេខ ១៣២៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃចុងក្រោយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៥៩១ លទ្ធផលបណ្ដោះអាសន្នសម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
-​ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៩៤២ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩.៦២៧ នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣.៥០៥ នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.១៦៦ នាក់។

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលលទ្ធផលសរុបជាបណ្ដោះអាសន្ន ដូចខាងក្រោម៖
- ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៤៥០.៣៨២ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២២៤.៩០២ នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៨៧.៥៨៦ នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៤៨.២៩២ នាក់។

 

តារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364

 

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ៥០ ថ្ងៃកន្លងមក បានប្រព្រឹត្តទៅ ដោយរលូន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ដោយសារមានការចូលរួម និងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។ចំពោះដំណើរការបិទការិយាល័យចុះឈ្មោះបោះឆ្នោត នៅថ្ងៃចុងក្រោយនេះ ក្រុមចុះឈ្មោះបោះឆ្នោត ១.៦៣៤ ឃុំ សង្កាត់ បានបិទការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមៗគ្នានៅវេលាម៉ោង ១៧:៣០ នាទី។ ដោយឡែកមានការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១២ នៃរាជធានី ខេត្តចំនួន ៥ រួមមានខេត្តបាត់ដំបង (៥ ឃុំ សង្កាត់) រាជធានីភ្នំពេញ (១ សង្កាត់) ខេត្តព្រះវិហារ (២ ឃុំ) ខេត្តសៀមរាប (២ សង្កាត់) និងខេត្តព្រះសីហនុ (២ ឃុំ សង្កាត់) បានបិទការិយាល័យចុះឈ្មោះ បោះឆ្នោតនៅក្រោយម៉ោង ១៧:៣០ នាទី ដោយសារអ្នកសុំចុះឈ្មោះបោះឆ្នោតមានវត្តមាននៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោតបានដំណើរការរហូតដល់អស់អ្នកសុំចុះឈ្មោះបោះឆ្នោត ៕

ទាញយកកម្មវិធី(App) CamNEC News