កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោល-ការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយ ដែលបានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក“ ធ្វើឡើងដោយមិនត្រឹមត្រូវ ។
ក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមបំភ្លឺដូចខាងក្រោម ៖
យោងមាត្រា១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដូចចែងក្នុងមាត្រា១៣១ នៃច្បាប់នេះគឺ ត្រូវធ្វើជា ០៣ (បី) ច្បាប់ ៖
- មួយច្បាប់ផ្ញើជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដោយភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែល បានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត ពាក្យបណ្ដឹងជំទាស់ ឬតវ៉ា ប្រសិនបើមាន (ក្នុងការអនុវត្តបច្ចេកទេស ឯកសារទាំងនេះត្រូវដាក់ក្នុងកញ្ចប់សុវត្ថិភាព “ក“) ហិបឆ្នោត និងឯកសារ សម្ភារ ឧបករណ៍ចាំបាច់ផ្សេងទៀត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ក្នុងការអនុវត្តបច្ចេកទេស របស់ទាំងនេះត្រូវវេចខ្ចប់ដោយឡែក) ។
- មួយច្បាប់បិទផ្សាយជាសាធារណៈ នៅការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ។
- មួយច្បាប់បិទផ្សាយជាសាធារណៈនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ។
តាមបញ្ញត្តិដូចបានបញ្ជាក់ជូនខាងលើ និងក្នុងគោលបំណងដើម្បីពង្រឹងលក្ខខណ្ឌបច្ចេកទេសក្នុងការអនុវត្តមាត្រា១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បានបង្កើតប្រភពផ្សព្វផ្សាយចំនួនបី ដែលភ្នាក់ងារគណបក្សនយោបាយអាចទទួលបាន កំណត់ ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅថ្ងៃបោះឆ្នោត ៖
ទី១. កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) មានបិទផ្សាយនៅមុខការិយា-ល័យរាប់សន្លឹកឆ្នោត ។ ភ្នាក់ងារគណបក្សអាចកត់ត្រា ឬ/និងថតទុកក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ។
ទី២. នៅពេលបញ្ជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ទៅដល់ គឃ.សប ឯកសារនេះនឹងត្រូវចុះហត្ថលេខា ចុះកាលបរិច្ឆេទ និងបោះត្រាបញ្ជាក់ការទទួល ដោយប្រធាន គឃ.សប បន្ទាប់មក កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នេះ នឹងត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត រួចបោះពុម្ពចេញដើម្បីចែកជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន។
ទី៣. នៅពេលដែលឯកសារទាំងអស់ ត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតហើយ ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋអាចរកមើលឃើញរូបថតទម្រង់បែបបទ ដែលជាឯកសារមូលដ្ឋាន សម្រាប់ការត្រួតពិនិត្យ ផ្ទៀតផ្ទាត់ និង បូកសរុបលទ្ធផលនៃការបោះឆ្នោត ក្នុងឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេសនៅក្នុងគេហទំព័រ គ.ជ.ប ។
ចំពោះការវេចខ្ចប់ ការប្រគល់ និងទទួលកញ្ចប់សុវត្ថិភាព “ក“ ពុំមានអ្វីប្រែប្រួលខុសពីការបោះឆ្នោតមុនៗទេ ។ គ.ជ.ប គ្រាន់តែពង្រឹងយន្តការ និងកែសម្រួលលំហូរការងារឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពប៉ុណ្ណោះ ៕