ដោយមានការអនុញ្ញាតពី គ.ជ.ប ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញ តំណាងគណបក្សនយោបាយចំនួន ៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្ដីការ គ.ជ.ប ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គណបក្សនយោបាយអាចថតនៅមុខការិយាល័យបោះឆ្នោតនៅពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយអាចទៅទទួលយកទម្រង់បែបបទ ១១០២ ដដែលនេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ទម្រង់បែបបទ ១១០២ នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាងគណបក្សនយោបាយដែលមានវត្តមាននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា ហេតុផលដែលមានការកែប្រែលើចំណុចនេះ ដោយសារតែប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលបានផ្ដល់ថវិកាមួយចំនួន ដើម្បីឱ្យ គ.ជ.ប មានលទ្ធភាពទិញកុំព្យូទ័រ និងម៉ាស៊ីន Scanner សម្រាប់ផ្ដល់ជូនទៅដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងការបំពេញការងារនាពេលខាងមុខ។ ឯកឧត្តមបន្តថា ការបោះឆ្នោតកន្លងមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពុំមានសម្ភារឧបករណ៍ទាំងនោះទេ។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយនូវកំហុសឆ្គងមួយចំនួនដែលធ្លាប់មានការឆកល្វែង ដែលកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាអ្នកចែកជូនទម្រង់បែបបទ ១១០២ ដល់តំណាងគណបក្សនយោបាយដោយផ្ទាល់ដៃវិញ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បន្តថា ការបោះឆ្នោតកន្លងមក មន្ត្រីការិយាល័យបោះឆ្នោតត្រូវចម្លងលទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃជាច្រើនច្បាប់ ចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យបោះឆ្នោត។ លើសពីនេះទៀត ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស ១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោតអាចនឹងមានការថ្លោះធ្លោយនៅក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។
សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ខាងមុខ គ.ជ.ប បានធ្វើការកែសម្រួលត្រង់ចំណុចនេះ ដោយភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ ១១០២ ដដែល គ្រាន់តែពីមុនទទួលដោយផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែពេលនេះត្រូវមកទទួលដោយផ្ទាល់ដៃនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ ក្នុងថ្ងៃបោះឆ្នោតដដែល។ ម្យ៉ាងទៀត សាធារណជនក៏អាចចូលមើលលទ្ធផលនៃការបោះឆ្នោតនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។
ឯកឧត្តម ទេព នីថា បានពន្យល់ទៀតថា កន្លងមកតួលេខនៅលើទម្រង់បែបបទ ១១០២ មានខុសតែបន្តិចបន្តួច មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះ ឬមហាជនមួយចំនួនថតបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំអំពីលទ្ធផលនៃការបោះឆ្នោត។ មូលហេតុទាំងនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការកែសម្រួល ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោតកាន់តែមានភាពសុក្រឹត តម្លាភាព ហើយដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
ទោះបីជា គ.ជ.ប បានពន្យល់ហេតុផលសព្វគ្រប់យ៉ាងណាក៏ដោយ ភាគីខាងគណបក្សនយោបាយទាំង ៣ នៅតែទទូចរក្សាជំហរទាមទាររបស់ខ្លួនដដែល។ ភាគីគណបក្សនយោបាយទាំង ៣ ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផ្តល់ឱកាសឱ្យគណបក្សនយាបាយបានជួបពិភាក្សាផ្ទាល់លើចំណុចខ្វែងគ្នា។
ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានបន្តថា គ.ជ.ប នៅមានកិច្ចការជាច្រើនទៀតដែលត្រូវជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយឯកឧត្តមបានថ្លែងអំណរគុណដល់គណបក្សនយោបាយ និងអង្គការខុមហ្វ្រែលដែលបានចូលរួមផ្តល់អនុសាសន៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ភាគីទាំងពីរបានវាយតម្លៃចំពោះជំនួបពិភាក្សាដោយផ្ទាល់នេះថា វាជាការយោគយល់គ្នា និងបានជជែកគ្នាត្រង់ទៅត្រង់មក។ ជំនួបពិភាក្សារយៈពេលប្រមាណជា ២ម៉ោង បានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល៕