គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤ រូប។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕