សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៤ គ.ជ.ប ស្តីពីលទ្ធផលសវនាការពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹងតវ៉ា សុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត

នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតចំនួន ៥រូប ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

បណ្ដឹងតវ៉ានេះ មានដើមបណ្ដឹងឈ្មោះ ៖

១. ដួង វិចិត្រ ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៥

២. អ៊ុន សុគន្ធី​ ភេទស្រី កើតថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៥៥

៣. ដួង ចិន្ដាមុនី ភេទស្រី កើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦

៤. ដួង វិរៈ ភេទប្រុស កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨៨

៥. ដួង វិសាល ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤។

 

ប្រជាពលរដ្ឋចំនួន ៥ រូបនេះ បានប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានសម្រេចលុបឈ្មោះរបស់ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។

យោងតាមមាត្រា ៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង ៥ រូបខាងលើ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ។

 

យោងតាមមាត្រា ៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈ្មោះប្រជាពលរដ្ឋទាំង ៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។

 

តាមបញ្ញត្តិដូចចែងក្នុងមាត្រាទាំង ២ ខាងលើ គ.ជ.ប សម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទុកជាបានការពេញទាំងមូល។

 

ចំពោះអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប អ្នកប្ដឹង ឬតំណាងអាចប្ដឹងតវ៉ា ឬប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទម្រង់បែបបទ ១២០៣)៕

ទាញយកកម្មវិធី(App) CamNEC News