សេចក្តីជូនដំណឹង លេខ ០១៤ គ.ជ.ប.ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

- ទាញយកទម្រង់ពាក្យសុំចុះបញ្ជីបេក្ខជននៃ​គណបក្សនយោបាយ និងសេចក្ដីសម្រេចរបស់ គឃ.សប (ទ.១០០៨)៖ www.nec.gov.kh/khmer/content/5260

 

- ទាញយកគំរូពាក្យស្នើសុំបង្កើតគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៖ www.nec.gov.kh/khmer/content/5275

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជ្រាបដូចតទៅ៖

១. ការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ

 - ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ (បី) ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ។

- គណបក្សនយោបាយត្រូវមកដាក់ពាក្យសុំនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី ។

- គណបក្សនយោបាយត្រូវបំពេញ ទ.១០០៨ ចំនួន ២ (ពីរ) ច្បាប់ ។ ពាក្យសុំចុះបញ្ជីបេក្ខជននេះ ត្រូវបានផ្ដល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គឃ.សប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

- ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ ។ តំណាងដែលទទួលបានការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត ។

- ពាក្យសុំចុះបញ្ជីបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ៖

** សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ចំនួន ១ (មួយ) ច្បាប់ ។

** អាសយដ្ឋាននៃទីស្នាក់ការកណ្ដាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការ គណបក្សនយោបាយក្នុងឃុំ សង្កាត់ និងឈ្មោះអ្នកតំណាងប្រចាំទីស្នាក់ការគណបក្សនយោបាយក្នុងឃុំ សង្កាត់ដែលបានដាក់ស្នើបញ្ជីបេក្ខជន ។

** បញ្ជីរាយនាមបេក្ខជនចំនួន ៧ (ប្រាំពីរ) ច្បាប់ ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹង ២ (ពីរ) ដង នៃចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (មិនត្រូវកោស ឬលុប) ។

** លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោតដោយបញ្ជាក់ឱ្យបានច្បាស់អំពីនាមត្រកូល នាមខ្លួន ភេទ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋាន (មិនត្រូវកោស ឬលុប) ។

** ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ មានបិទរូបថត និងរូបថតបេក្ខជនម្នាក់ចំនួន ៣ (បី) សន្លឹកទៀត ទំហំ ៤x៦ ថតចំពីមុខតាមគំរូរូបថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

** លិខិតសន្យារបស់បេក្ខជនឈរឈ្មោះបោះឆ្នោតដែលជាមន្ត្រីរាជការថានឹងផ្តល់ច្បាប់សុំឈប់ពិសេសជូន គឃ.សប ។

** ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ ។

 

- បេក្ខជនម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ ។

 

២. ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមកម្មវិធី

- ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន ២ (ពីរ) របៀបគឺ ៖

** គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយដៃ ។

** គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ តាមកម្មវិធី ។

 

- សម្រាប់ការរៀបចំបញ្ជីបេក្ខជនតាមកម្មវិធី ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស-ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់ត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

- កម្មវិធីរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីនេះត្រូវបិទនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។

- គណបក្សនយោបាយដែលមានបំណងរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយតាម កម្មវិធី ត្រូវដាក់ពាក្យស្នើសុំបង្កើតគណនីមក គ.ជ.ប ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម ៖

** ពាក្យស្នើសុំបង្កើតគណនីគណបក្សនយោបាយ

** លិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីគណបក្សនយោបាយ (ប្រសិនបើមាន)

** សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ

** ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់ (Logo) គណបក្សនយោបាយ (ជាពណ៌ និងសខ្មៅ ដែលមានទំហំធំបំផុតត្រឹម ៥ MB) ។

 

- គណបក្សនយោបាយដែលបានទទួលគណនីពី គ.ជ.ប សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី អាចបង្កើតគណនីប្រើប្រាស់ដូចខាងក្រោម ៖

 

** ធ្វើការបង្កើតគណនីតាមរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ តាមការចាំបាច់

** ថ្នាក់រាជធានី ខេត្ត អាចបង្កើតគណនីតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួយរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលឈរឈ្មោះតាមការកំណត់ ។

 

- គណបក្សនយោបាយដែលបានរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរួចហើយ ត្រូវបោះពុម្ពចេញពី កម្មវិធីនូវ ៖

 

** បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ភ្ជាប់ជាមួយនឹងពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងសេចក្តីសម្រេចរបស់ គឃ.សប (ទ.១០០៨)

** លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះ អ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលត្រូវយកទៅជូនមេឃុំ ចៅសង្កាត់បញ្ជាក់ សម្រាប់ភ្ជាប់ជាមួយនឹង ទ.១០០៨ (មិនត្រូវកោស ឬលុប) ។

 

- គណបក្សនយោបាយត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធសម្រាប់ភ្ជាប់ជាមួយ ទ.១០០៨ ដើម្បីយកទៅដាក់នៅ គឃ.សប តាមកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ។

 

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ៕

ទាញយកកម្មវិធី(App) CamNEC News