សេចក្តីប្រកាសព័ត៌មាន លេខ ០០៨៖ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី “ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។

 

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតនីមួយៗ ដែលរួមមាន៖

ទី១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

ទី២. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ

ទី៣. ការឃោសនាបោះឆ្នោត

ទី៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

 

ឯកឧត្ដម ម៉ុក ដារ៉ា បានថ្លែងថា ដំណាក់កាលទី២ និងទី៣ ខាងលើនេះ គឺមានភាពស្មុគស្មាញ មិនខុសពីដំណាក់កាលដទៃទៀតនោះទេ ដែលទាមទារឱ្យគ្រូឧទ្ទេស មន្រ្តីបោះឆ្នោត តំណាងគណបក្សនយោបាយ ភាគីពាក់ព័ន្ធ ពិសេសមន្ត្រី គធ.ខប និង លគធ.ខប ត្រូវមានចំណេះដឹងប្រកបដោយជំនាញបច្ចេកទេសច្បាស់លាស់ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ហើយជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប ក្នុងពេលថ្មីៗនេះបានសម្រេចដាក់ឱ្យប្រើប្រាស់ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរួមមាន៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

 

វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមប្រមាណ ១៧៥ នាក់ និងរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២៕

ទាញយកកម្មវិធី(App) CamNEC News