ការបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ត្រូវបានបិទបញ្ចប់នាព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប)។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៤លើករួចមកហើយ។ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្សនយោបាយធ្លាប់បានអនុវត្តកន្លងមក។ ឯកឧត្តមប្រធាន គ.ជ.ប បានបន្តថា គណបក្សនយោបាយអាចស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។ ឯកឧត្តមប្រធាន គ.ជ.ប ក៏បានលើកឡើងថា បច្ចេក-វិទ្យាដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តទៀតថា ការបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុងការអនុវត្តការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន គ.ជ.ប ក៏បានណែនាំដល់លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានាការអនុវត្តតួនាទី និងភារកិច្ច ទទួលបានជោគជ័យ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ជ.ប មានមន្ត្រី បោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ តំណាងគណបក្សនយោបាយចំនួន ១៦ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលមានអ្នកចូលរួមប្រមាណ ១៣៦ នាក់។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕