សេចក្តីប្រកាសព័ត៌មាន លេខ ០១១៖ គណបក្សនយោបាយចំនួន ១១ បានស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

ការដាក់ និងការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

 

គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពីគណបក្សនយោបាយចំនួន ១១ ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

 

សូមជម្រាបជូនថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ធ្វើឡើងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតអាចធ្វើឡើងតាម ២ របៀបគឺ គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬគណបក្សនយោបាយអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត ៕

ទាញយកកម្មវិធី(App) CamNEC News