សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០១២ គ.ជ.ប៖ លទ្ធផលនៃកិច្ចប្រជុំរវាង គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រព័ន្ធវីដេអូអនឡាញ លើកទី២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ដើម្បីប្រកាសផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

 

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ពាក្យសុំចុះបញ្ជីបេក្ខជន ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយសាមី។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

 

ឯកឧត្តម នុត សុខុម បានមានប្រសាសន៍បន្តទៀតថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) មានប្រតិទិនការងារ និងនីតិវិធីច្បាស់លាស់ក្នុងការទទួល និងពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនក្នុងរយៈពេលមួយថ្ងៃ បន្ទាប់មកត្រូវបិទផ្សាយជាសាធារណៈរយៈពេលយ៉ាងយូរ ៣ថ្ងៃ នូវបញ្ជីបេក្ខជនដែលបានពិនិត្យរួច នៅទីស្នាក់ការ គឃ.សប។

 

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ- ឈ្មោះបោះឆ្នោត ហើយថា ការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននេះមាននីតិវិធីដោះស្រាយដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

 

ភាគីពាក់ព័ន្ធដែលបានចូលរួមប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានចម្ងល់លើការប្រើពណ៌ទឹកថ្នាំតាំប៉ុងសម្រាប់គណបក្សនយោបាយបោះត្រាលើបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ-ឈ្មោះ ដែលករណីនេះ គ.ជ.ប បានបញ្ជាក់ជូនថា ពុំមានច្បាប់កំណត់លើពណ៌ទឹកថ្នាំតាំប៉ុងត្រាទេ ដូចនេះគណបក្សនយោបាយអាចប្រើពណ៌អ្វីក៏បានតាមបែបបទរដ្ឋបាលរបស់ខ្លួន។

 

ជាមួយគ្នានោះ តំណាងគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សធា្លប់ចូលរួមគ្រប់ការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប ហើយនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ក៏មិនមានការប្រែប្រួលថ្មីដែរ គឺគណបក្សបានយល់ដឹងអស់ហើយ ប៉ុន្តែសំណូមពរឱ្យ គ.ជ.ប ដាក់កម្មវិធីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមប្រព័ន្ធកុំព្យូទ័រ ពីចម្ងាយឱ្យបានយូរជាងនេះបន្តិច ពីព្រោះគណបក្សធ្វើមិនទាន់ ឥឡូវកម្មវិធីនោះត្រូវបានបិទលែងឱ្យដំណើរការទៀត គណបក្សនយោបាយត្រូវងាកមករៀបចំបញ្ជីបេក្ខជនដោយដៃវិញដដែល ។ គណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផលិតវីដេអូអប់រំ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនេះ ដែលធ្វើឱ្យគណបក្សនយោបាយងាយស្រួលក្នុងការយកទៅបណ្តុះបណ្តាលផ្ទៃក្នុងគណបក្សនយោបាយបន្ត។

 

គ.ជ.ប ក៏បានថ្លែងអំណរគុណដល់គណបក្សនយោបាយដែលបានសរសើរពីកម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ហើយថា នឹងរកវិធីដោះស្រាយសម្រាប់ការបោះឆ្នោតលើកក្រោយ។

 

សមាសភាពភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំមានប្រមាណ ៧២ (ចិតសិបពីរ) នាក់ មកពីក្រសួង ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA តំណាងគណបក្សនយោបាយចំនួន ២១ គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៤ អង្គការ ព្រមទាំងអ្នកសារព័ត៌មានផងដែរ៕

(link is external)

ទាញយកកម្មវិធី(App) CamNEC News