សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០១៨ ស្តីពីលទ្ធផលសវនាការជាសាធារណៈដោះស្រាយពាក្យបណ្តឹងបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន

នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទសារព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងលេខ០៥១ ដែលប្រជាពលរដ្ឋប្តឹងបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

 

ដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ ជាប្រជាពលរដ្ឋ មានទីលំនៅ ផ្ទះលេខ២២អឺ០អឺ១ ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ គឺពួកគាត់មិនបានសរសេរ និង ផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជននៃគណបក្សភ្លើងទៀនទេ។

 

តាមការឆ្លើយបំភ្លឺរបស់លោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន នាពេលសវនាការ បានទទួលស្គាល់ថា បេក្ខជនទាំងបួនរូបខាងលើពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមចោទប្រាកដមែន ហើយលោកក៏ទទួលស្គាល់របាយការណ៍ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀននៅខណ្ឌបឹងកេងកង ថាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនមួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងាររបស់គណបក្សភ្លើងទៀន ជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។ 

បន្ទាប់ពីបានពិនិត្យនិងពិចារណាគ្រប់អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។

ដោយយល់ឃើញថា គណបក្សភ្លើងទៀនបានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃ គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងឱ្យគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី១ បដិសេធ និងលុបបញ្ជីបេក្ខជននៃ គណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃទី១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្ដីសម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសជាសាធារណៈ នៅ ចំពោះមុខគូភាគី និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore