គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ១៤ ពីលេខ ០៨៨ ដល់លេខ ១០១ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប ជាប្រធាន និងសមាជិក គ.ជ.ប ចំនួន ៦ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
ពាក្យបណ្តឹងទាំង ១៤ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម ៖
- ប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ លើពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង
- ប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១០ បណ្ដឹង និង គណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង
- ប្ដឹងសុំបដិសេធបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១ បណ្ដឹង និងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕