សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២៣ គ.ជ.ប ស្តីពីលទ្ធផលសវនាការជាសាធារណៈពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទគណៈកម្មាធិ-ការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៧រូប ដឹកនាំដោយ  ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងសមាជិក គ.ជ.ប ចំនួន ៦រូប ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿង ចំនួន ៣ គឺសំណុំរឿងលេខ ០៨៨ លេខ ១០០ និងលេខ ១០១។ 

 

ក្នុងសំណុំរឿងលេខ ០៨៨ ដើមបណ្ដឹងឈ្មោះ សំ សុគង់ មេធាវីតំណាងដោយអាណត្តិ បានប្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលបានបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ 

 

សំណុំរឿងលេខ ១០០ ដើមបណ្ដឹងឈ្មោះ យន់ ភារយុត្តិ ជាមេធាវីតំណាងដោយអាណត្តិរបស់ដើមបណ្តឹងឈ្មោះ ផែន រី បានប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គម-ប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយលើកឡើងថា បេក្ខជន ១០ រូប ក្នុងបញ្ជីបេក្ខជននោះ មិនបានបំពេញឯកសារដោយផ្ទាល់ដៃទេ។

 

សំណុំរឿងលេខ ១០១ ដើមបណ្ដឹងឈ្មោះ ឈុន វណ្ណារី ភេទស្រី ជាប្រជាពលរដ្ឋបានប្ដឹងជំទាស់ទៅនឹងឈ្មោះបេក្ខជនលេខរៀងទី១៣ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ថា មិនបានបំពេញឯកសារឈរឈ្មោះជាបេក្ខជនដោយផ្ទាល់ដៃទេ។

 

ក្រោយពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ក្រោយពីបានស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

-បដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ ០៨៨ សេចក្តីសម្រេចលេខ ០៨០ គ.ជ.ប។

-លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសំណុំរឿងលេខ ១០០ សេចក្តីសម្រេចលេខ ០៨១ គ.ជ.ប។

-លុបឈ្មោះ គង់ ឡេង ភេទស្រី កើតថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ឈរលេខរៀងទី១៣ ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសណុំរឿងលេខ ១០១ សេចក្តីសម្រេចលេខ ០៨២ គ.ជ.ប។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore