សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២៥ គ.ជ.ប ស្តីពីលទ្ធផលនៃសវនាការជាសាធារណៈលើបណ្តឹងពាក់ព័ន្ធបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដែលប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជន គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅសង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក និងនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

ក្នុងសំណុំរឿងលេខ ១៣៩ ដើមបណ្ដឹងឈ្មោះ ស៊ូ កញ្ញា ភេទស្រី កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១ មានទីលំនៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជា ប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

 

ក្នុងសំណុំរឿងលេខ ១៤០ ដើមបណ្ដឹងឈ្មោះ នួន ឌុក ភេទប្រុស កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៧ មានទីលំនៅ ផ្ទះលេខ៤អាអឺ១ ផ្លូវ៣៣៦ ភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ក្នុងសំណុំរឿងលេខ ១៤១ ដើមបណ្ដឹងឈ្មោះ ចាន់ ជួនជឿន ភេទប្រុស កើតថ្ងៃទី១ ខែ មករា ឆ្នាំ១៩៤៥ មានទីលំនៅ ផ្ទះលេខ៤៧អឺ៣ ផ្លូវ១៤៤ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន  និងបេក្ខជន ២រូប បានប្តឹងសុំលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរ និងស្តាប់ចម្លើយសាក្សីពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  

- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  

- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  

 

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ បានប្រកាសជាសាធារណៈ នៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore