គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង លេខ ១៤៧ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា ពាក្យបណ្ដឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លើការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕