សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២៨ គ.ជ.ប ស្តីពីលទ្ធផលនៃសវនាការជាសាធារណៈលើបណ្តឹងតវ៉ាការសុំចុះបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងលេខ ១៤៧ ដែលជាបណ្តឹងតវ៉ាការសុំចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

 

ក្នុងសំណុំរឿងលេខ ១៤៧ ដើមបណ្ដឹងឈ្មោះ ស ឡុងដេត ភេទប្រុស កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៩ មានទីលំនៅផ្ទះលេខ៣២០ ផ្លូវ១០M សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាតំណាងគណបក្សភ្លើងទៀន បានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

នៅក្នុងសវនាការ អវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹង រួមនឹងបេក្ខជន ១៨នាក់ ពាក់ព័ន្ធសំណុំរឿងខាងលើ។ ក្រោយពីបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្តឹងរួចមក ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែល បានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ 

 

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ បានប្រកាសជាសាធារណៈ កំបាំងដើមបណ្តឹង និងមេធាវីតំណាងដើមបណ្តឹង ប៉ុន្តែចាត់ទុកជាចំពោះមុខ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore