សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២៩ គ.ជ.ប ស្តីពីអង្គហេតុ និងអង្គច្បាប់ ក្នុងការសម្រេចច្រានចោលបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបអំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

 

យោងមាត្រា ៥៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃបន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។

 

យោងមាត្រា ៥៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បណ្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយជាក់លាក់ណាមួយ ដែលមិនបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២។

 

ការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរ គឺករណីប្ដឹងអំពីបេក្ខជន ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូង។ ក្នុងករណីមានការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយ ប្រជាពលរដ្ឋដែលជាអ្នកប្ដឹងជំទាស់ ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននោះ និងហេតុផលនៃការច្រានចោលបញ្ជីបេក្ខជននោះ។

 

ជារួមការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង គឺជាការដាក់បន្ទុកលើការទទួលខុសត្រូវរបស់គណបក្សនយោបាយក្នុងការរៀបចំឱ្យបានត្រឹមត្រូវនូវឯកសារ ៦(ប្រាំមួយ) ប្រភេទ ដែលត្រូវដាក់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឯកសារទាំងនោះរួមមាន៖

១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ ច្បាប់

២. អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ និងឈ្មោះតំណាងប្រចាំទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ ដែលបានដាក់ស្នើបញ្ជីបេក្ខជន។

៣. បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិកក្រុមប្រឹក្សា ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

៤. លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថា បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។

៥. ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និងរូបថតបេក្ខជនម្នាក់ៗចំនួន ៣ សន្លឹក ទំហំ ៤X៦ ថតចំពីមុខ តាមគំរូកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ-ការបោះឆ្នោត។

៦. ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។

 

ក្នុងករណីមានភាពមិនប្រក្រតីក្នុងការរៀបចំឯកសារណាមួយ ឬច្រើន ក្នុងចំណោមឯកសារទាំងប្រាំមួយខាងលើ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធឡើយ។

 

ចំពោះការបដិសេធរបស់ គ.ជ.ប លើបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន កន្លងមកនេះ បានបង្ហាញឱ្យឃើញពីអង្គហេតុជាក់លាក់ ដូចខាងក្រោម៖

- គណបក្សភ្លើងទៀន បានជ្រើសរើសប្រជាពលរដ្ឋមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ មកធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

- សាមីខ្លួនត្រូវបានគេយកឈ្មោះទៅឈរជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ទាំងខ្លួនពុំបានដឹង និងពុំមានឆន្ទៈក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ផង។

- ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ដែលបេក្ខជនត្រូវបំពេញផ្ទាល់ដៃ បែរជាត្រូវបានបំពេញជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន។

- ក្នុងដំណើរការរៀបចំឯកសារនេះដែរ ក៏កើតមានឡើងនូវករណីផ្ដិតមេដៃ ឬចុះហត្ថលេខា ដោយក្រុមការងារគណបក្សភ្លើងទៀន ជំនួសសាមីបេក្ខជនផងដែរ។

ការកើតមានឡើងនូវភាពមិនប្រក្រតី ដូចបានបញ្ជាក់ខាងលើនេះ បើពិនិត្យលើអង្គច្បាប់ គឺជាករណីក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង ឬ/និងការក្លែងបន្លំស្នាមមេដៃផង ដែលប្រព្រឹត្តដោយក្រុមការងារគណបក្សភ្លើងទៀន រួមមាន៖

ទី១. ការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជីរាយនាមបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូចចែងក្នុងមាត្រា៣៥ នៃនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទី២. ការក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដែលត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទី៣. ការក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដោយករណីផ្តិតមេដៃ ឬចុះហត្ថលេខាជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន។

 

ករណីដូចបានបង្ហាញខាងលើនេះ រួមទាំងផ្អែកលើរបាយការណ៍ចុះអង្កេតស្រាវជ្រាវរបស់មន្ត្រីជំនាញ កំណត់ហេតុសាកសួរដើមបណ្ដឹង និងចុងចម្លើយ ការឆ្លើយបំភ្លឺនៅក្នុងសវនាការរបស់ភាគីដើមបណ្ដឹង មេធាវីតំណាងដើមបណ្ដឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ សាក្សី និងបន្ទាប់ពីបានពិភាក្សាលើអង្គហេតុ និងអង្គច្បាប់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក គ.ជ.ប បានសម្រេចបដិសេធបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ចំនួន ៥ សង្កាត់ នៅរាជធានីភ្នំពេញ។

 

ចំពោះការបដិសេធការចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ក្នុងឃុំ សង្កាត់ ចំនួន ៦ ទៀត ដោយសារគណបក្សនេះខកខានមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងតាមពេលវេលាកំណត់ សម្រាប់ការចុះបញ្ជីបេក្ខជននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News