ឆ្លើយតបតាមសំណើរបស់គណបក្សភ្លើងទៀន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សាការងារនៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ព្រឹក។
ប្រតិភូគណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក សុន ឆ័យ អនុប្រធានគណបក្ស បានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា ៣ ចំណុច៖
១- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប លុបនៅឃុំ សង្កាត់ ចំនួន ៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ៦ ឃុំ សង្កាត់។
២- សុំឱ្យ គ.ជ.ប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែង បេក្ខជន ឬបំភិតបំភ័យបេក្ខជនគណបក្សនយោបាយ។
៣- សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យ បណ្តឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីកែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គ.ជ.ប ផ្អែកលើច្បាប់។
ចំពោះបញ្ហាទី២ ដែលលើកឡើងដោយគណបក្សភ្លើងទៀន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា គ.ជ.ប ក៏បានទទួលព័ត៌មានមួយចំនួនដែរ ទាក់ទងទៅនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដែលករណីខ្លះជារឿងហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប។ ទោះបីយ៉ាងណាក៏ដោយ គ.ជ.ប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីឱ្យអាជ្ញាធរជួយសម្របសម្រួលការងារនៃសកម្មភាពរបស់គណបក្សនយោបាយ ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានចេញសេចក្តីណែនាំរួមមួយដល់អាជ្ញាធរដែនដីរួចហើយដែរ។
អំពីយន្តការទំនាក់ទំនងការងារ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន ជម្រាបជូនថា គួរពង្រឹងយន្តការច្បាប់ដែលមានស្រាប់ នោះគឺយន្តការ គ.ជ.ប យន្តការនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងយន្តការនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ក្នុងការអនុវត្តកន្លងមក គ.ជ.ប មានកម្មវិធីប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតជាទៀងទាត់ ទាំងនៅថ្នាក់ គ.ជ.ប នៅថ្នាក់ គធ.ខប និងនៅថ្នាក់ គឃ.សប ហើយក្នុងករណីចាំបាច់ ក៏មានកិច្ចប្រជុំបន្ទាន់ដែរ ដើម្បីដោះស្រាយបញ្ហា។ តាមរយៈកិច្ចប្រជុំនេះហើយ គឺជាយន្តការដោះស្រាយការងាររបស់ គ.ជ.ប និងជួយសម្របសម្រួលការងារដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក សុន ឆ័យ ក្នុងនាមគណបក្សភ្លើងទៀន បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអនុញ្ញាតឱ្យប្រតិភូតំណាងគណបក្សភ្លើងទៀន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការ គ.ជ.ប រួមជាមួយនឹងសហការី។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់នៅវេលាម៉ោង ១០:៣០នាទីព្រឹក ដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា៕