សេចក្ដីប្រកាសព័ត៌មាន លេខ ០៣២ គ.ជ.ប.អគ្គ៖ គ.ជ.ប ជួបប្រជុំជាមួយគណបក្សនយោបាយ ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ។

 

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ សរុបចំនួន ១៧ ដែលសុទ្ធតែជាគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអ្នកសារព័ត៌មានមួយចំនួនផងដែរ។

 

 ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សម្រាប់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា រួមទាំងការផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សក្នុងព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប។ 

 

ឯកឧត្ដម ម៉ុក ដារ៉ា បានថ្លែងបន្ថែមទៀតថា គ.ជ.ប រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជម្រាបជូនដល់គណបក្សនយោបាយទាំងអស់ ឱ្យបានជ្រួតជ្រាបពីប្រធានបទសម្រាប់កម្មវិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ និងលក្ខណៈបច្ចេកទេសនៃការផលិតស្ប៉តគណបក្សនយោបាយ និងការរៀបចំអត្ថបទសម្រាប់ព្រឹត្តិបត្រគោលនយោបាយ។ 

ឯកឧត្ដមប្រធានដឹកនាំកិច្ចប្រជុំ និងមន្រ្តីជំនាញរបស់ គ.ជ.ប ក៏បានឆ្លើយតបនឹងសំណួររបស់តំណាងគណបក្សនយោបាយដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានរៀបចំឱ្យតំណាងគណបក្សនយោបាយទាំងអស់ចាប់ឆ្នោត ដើម្បីឱ្យការថត និងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងស្ប៉តគណបក្សនយោបាយ ប្រព្រឹត្តទៅស្របតាមនីតិវិធី និងដោយតម្លាភាព៕

 

ទាញយកកម្មវិធី(App) CamNEC News