នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទីបួន ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប ដើម្បីប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយ បញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតតាមឃុំ សងា្កត់ និងការ ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់។
ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយ ចំនួន ១៧ ចូលរួមការបោះឆ្នោត និងមានបេក្ខជនសរុបទាំង១៧ គណបក្ស ចំនួន ៨៦.០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣នាក់។
ចំពោះការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត ឯកឧត្តម ឌុច សុន បានមានប្រសាសន៍បន្តទៀតថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតទៅតាមនីតិវិធីដែលបានកំណត់ក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ មកដល់ពេលនេះ ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់ហើយនៅទូទាំង ១.៦៥២ ឃុំ សង្កាត់។
ឯកឧត្តម ឌុច សុន បានមានប្រសាសន៍ទៀតថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតត្រូវធ្វើនៅតាមភូមិ ក្នុងឃុំ សង្កាត់ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយប្រសិនបើចែកសល់ ប័ណ្ណនេះត្រូវរក្សាទុកនៅ គឃ.សប ដើម្បីចែកបន្ត។
ឯកឧត្តម ឌុច សុន បានបន្ថែមថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បីជួយដល់អ្នកបោះឆ្នោតដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យ លេខកូដ ពេលវេលាបោះឆ្នោត និងទីតាំង ការិយាល័យបោះឆ្នោត ព្រមទាំងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោតក្នុងការស្វែងរក ឈ្មោះអ្នកបោះឆ្នោតបានឆាប់រហ័ស។
ក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានសមាសភាពសមាជិក គឃ.សប ១រូប ជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ១រូប ឬច្រើនរូប ជាសមាជិក តំណាងសមាគម ឬអង្គការមិនមែន រដ្ឋាភិបាល ១រូប ឬច្រើនរូប ជាសមាជិក (ប្រសិនបើមាន) និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធ ជា សមាជិក។
លទ្ធផលនៃការចែកប័ណ្ណព័ត៌មានគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ចែកដល់ប្រជាពលរដ្ឋបានសរុបចំនួន ២.២៤៨.៤២១នាក់ នៃចំនួនប័ណ្ណព័ត៌មានសរុប ៩.២០៥.៦៨១។
ឆ្លើយទៅនឹងសំណួរមួយចំនួនរបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនាពេលនោះ គ.ជ.ប បានជម្រាបជូនថា ប្រសិនបើមានឈ្មោះរួចហើយក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលចុះលំនៅឋាន ឬទីសំណាក់ផ្សេងពីលំនៅឋាន ឬទីសំណាក់ក្នុងបញ្ជីបោះឆ្នោតនោះ ក៏អាចបោះឆ្នោតបានដែរ។ ប៉ុន្តែបើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាត់ ឬខូច ឬអស់សុពលភាព អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
ពាក់ព័ន្ធនឹងតម្លាភាពនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គ.ជ.ប បានឆ្លើយថា ក្នុងការិយាល័យបោះឆ្នោត មានសមាសភាពគណៈកម្មការប្រាំមួយរូប ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេត-ការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ ប្រសិនបើគណបក្សនយោបាយណាមួយ មិនបានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួននៅការិយាល័យបោះឆ្នោត ក៏គង់នៅមានភ្នាក់ងារគណបក្សនយោបាយផ្សេងទៀត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន នៅការិយាល័យបោះឆ្នោតនោះដែរ។ ការដាក់ភ្នាក់គណបក្សនយោបាយ ឬមិនដាក់ដើម្បីសង្កេតមើលការបោះឆ្នោត ជាសិទ្ធិរបស់គណបក្សនយោបាយ។ ម្យ៉ាងវិញទៀតនៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) មួយច្បាប់ ត្រូវបានបិទផ្សាយជាសាធារណៈនៅមុខការិយាល័យបោះឆ្នោត និងមួយច្បាប់ទៀតត្រូវបញ្ជូនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីបញ្ចូលទៅក្នុងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតដោយកុំព្យូទ័រ ហើយឯកសារទាំងអស់ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត នឹងត្រូវបានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh។ ចំពោះរបាយការណ៍អំពីការសង្កេតការណ៍បោះឆ្នោត គឺអ្នកសង្កេតការណ៍ត្រូវធ្វើរបាយការណ៍ផ្ញើមកជូន គ.ជ.ប។
សមាសភាពភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំមានប្រមាណ ៩៦នាក់ មកពីក្រសួង ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA តំណាងគណបក្សនយោបាយចំនួន ១៥ គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៧ អង្គការ ព្រមទាំងអ្នកសារព័ត៌មានផងដែរ៕