សេចក្តីប្រកាសព័ត៌មាន លេខ ០៤១ គ.ជ.ប.អគ្គ៖ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។

ក្នុងពិធីនេះ ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០២ មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ឃុំ សង្កាត់ តាមបែបវិមជ្ឈការ ហើយចាប់ពីពេលនោះមក កម្ពុជាបានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង បានចំនួន ៤លើករួចមកហើយ ហើយបច្ចុប្បន្នកំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

 

ឯកឧត្តមបានបន្ថែមថា ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមបែបវិមជ្ឈការបានផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុង ឃុំ សង្កាត់ នីមួយៗមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន និងបានផ្តល់សិទ្ធិ និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋ ដើម្បីចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនផងដែរ ។

 

យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ ឃុំ សង្កាត់ជានីតិបុគ្គល ដោយត្រូវគ្រប់គ្រងតាមប្រព័ន្ធនៃអភិបាលកិច្ចមូលដ្ឋាន ហើយអំណាចដឹកនាំគ្រប់គ្រងឃុំ សង្កាត់ បានមកដោយការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិនៅពេលដែលមានក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីចូលកាន់តំណែង ។ នេះហើយជាហេតុផលដែលយើងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ រៀងរាល់ ៥ឆ្នាំម្ដង ។

 

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលអំពីបទបញ្ជា និងនីតិវីធីនៃការបោះឆ្នោតដំណាក់កាលទី២  ផ្តោតសំខាន់លើការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រប់គ្រង និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាជំនួយដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត ។

 

ឯកឧត្តមបានរំលឹកជូនបន្ថែមថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ប៉ុន្តែក្នុងករណីដែលអ្នកបោះឆ្នោតពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់បានអស់សុពលភាព ឬបាត់ ឬខូច ឬកែតម្រូវ ផ្អែកតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីណែនាំរួមលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប សាមីអ្នកបោះឆ្នោតនោះអាចទៅបំពេញបែបបទស្នើសុំ ឯ.អ ពី គឃ.សប និងអាជ្ញាធរឃុំ សង្កាត់បានដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ ដូចនេះការងារសំខាន់ចំពោះមុខនេះគឺត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់ជូននូវ ឯ.អ ដល់ប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។

 

ឯកឧត្តមបានរំលឹកបន្ថែមថា ចំពោះបញ្ហាជំងឺកូវីដ ១៩ កន្លងមក ដោយមានការយកចិត្តទុកដាក់ចាត់វិធានការគ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំង ការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស និងដោយមានកិច្ចសហការ ឧបត្ថម្ភល្អពីអង្គការអន្តរជាតិ និងប្រទេសជាមិត្ត បច្ចុប្បន្ន កម្ពុជាអាចម្ចាស់ការបាន និងអាចគ្រប់គ្រងស្ថានការណ៍ឱ្យស្ថិតនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលនេះជាអំណោយផលល្អដល់ដំណើរការរៀបចំការបោះឆ្នោតរបស់យើង ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅដំណាក់កាលចំពោះមុខនេះ វិធានការសុខាភិបាលនានា នឹងត្រូវយកមកអនុវត្តសមស្របតាមករណីចាំបាច់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព ។

 

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការរដ្ឋាននៃ គធ.ខប សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិកសេវាកម្មច្បាប់ និងវិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធសរុបប្រមាណ ២៩១នាក់ ៕

ទាញយកកម្មវិធី(App) CamNEC News