សេចក្តីប្រកាសព័ត៌មាន លេខ ០៣៤ គ.ជ.ប ស្តីពី ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត

ការបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូន ដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ (ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។

 

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់អនុវត្តការងារតាមដំណាក់កាលនីមួយៗ ជាពិសេសការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តបច្ចេកទេសជាក់ស្តែង ។

 

ឯកឧត្តម បានបន្តថា ដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតកន្លងមក គ.ជ.ប បានដាក់បន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រិតភាពថែមមួយកម្រិតទៀតដែលក្នុងនោះរួមមានកម្មវិធីដូចខាងក្រោម៖

-កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ

- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

- កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

 

ការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្ថែមទៀតថា ផ្អែកតាមបទពិសោធន៍ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឱ្យដំណើរការនៃការ-ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយ ហើយ ឯកឧត្តម ក៏បានសំណូមពរឱ្យគណបក្ស នយោបាយគោរពឱ្យបានតាមកម្មវិធីឃោសនាដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។

 

ចំពោះដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានលើកឡើងដែរថា គ.ជ.ប បាននឹងកំពុងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងច្បាស់លាស់ អំពីបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែង និងជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយសម្រាប់ការគ្រប់គ្រង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និង កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

 

ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា សុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយជាបន្តទៀត ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើសម្រាប់បោះឆ្នោត ដោយពួកគាត់ត្រូវស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ដែលមាន រយៈពេល ៣០ ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

 

ទន្ទឹមនឹងនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ចាត់ចែងការបណ្តុះបណ្តាលបន្តឱ្យដល់មន្រ្តីនៅថ្នាក់រាជធានី ខេត្តរបស់ខ្លួន និងបន្តទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្ម-ការការិយាល័យរៀបចំការបោះឆ្នោត សំដៅធ្វើឱ្យមន្រ្តីទាំងអស់នោះទទួលបានការយល់ដឹងប្រាកដប្រជា អំពីនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានក្រើនរំលឹកដល់សិក្ខាមទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវគោរពតាមវិធានការចាំបាច់របស់រដ្ឋាភិបាល បើទោះបីជាអត្រាកើនឡើងខ្ពស់នៃការចាក់វ៉ាក់សាំងដូសជំរុញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានសភាពស៊ាំក្នុងសហគមន៍ ធ្វើឱ្យការឆ្លងរាលដាលនៃជំងឺនេះថយចុះមកនៅកម្រិតតិចតួចបំផុតជាអំណោយផលដល់ការធានាបាននូវការរៀបចំដំណើរការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ក៏ដោយ។

 

សមាសភាពដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន សមាសភាពគណៈកម្មការ-រាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តំណាងអង្គការ សមាគម និងអ្នកសារព័ត៌មាន សរុបប្រមាណ ២៦០នាក់៕

ទាញយកកម្មវិធី(App) CamNEC News