សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០៣៥ គ.ជ.ប ស្តីពីការបង្ហាញសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោតដល់គណបក្សនយោបាយ

នាព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:០០  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បានអញ្ជើញទៅពិនិត្យមើលដំណើរការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ..ប បានមានប្រសាសន៍ថា ថ្ងៃនេះ គ.ជ.ប បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ មកពិនិត្យ និងសង្កេតមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតផ្ទាល់តែម្តង។  ឯកឧត្តមមានប្រសាសន៍បន្តថា ដូចគ្នានឹងការបោះឆ្នោត កន្លងមក គឺ គ..ប តែងតែអញ្ជើញគ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន មកពិនិត្យ និងសង្កេត​មើលដំណើរការបោះពុម្ពសន្លឹកឆ្នោត ដល់ទីកន្លែងផ្ទាល់តែម្តង។ ឯកឧត្តមប្រធាន គ.ជ.ប បានមានប្រសាសន៍បន្ថែមទៀតថា ដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលនេះ នៅសល់តែ ៣ ខេត្តទៀតទេនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងបន្តទៅគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) មិនឱ្យហួសពី ៣៦ (សាម​សិប​ប្រាំមួយ) ម៉ោង មុនថ្ងៃបោះឆ្នោត (ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២)។

 

បន្ទាប់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ បានពិនិត្យសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោតរួចមក ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ..និងជាប្រធានក្រុមអ្នកនាំពាក្យ គ.. បានជម្រាបជូនអ្នកសារព័ត៌មានថា សន្លឹកឆ្នោតត្រូវបានបោះពុម្ព ចំនួន ១.៦៥២ (មួយពាន់ប្រាំមួយរយហាសិបពីរ) ប្រភេទ ស្មើនឹងចំនួន ១.៦៥២ (មួយពាន់ប្រាំមួយរយហាសិបពីរ) ឃុំ សង្កាត់ ពីព្រោះ​ថា ឃុំ សង្កាត់នីមួយៗមានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូចគ្នាទេ។ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មាន ១៧ (ដប់ប្រាំពីរ) គណបក្ស។ ក្នុងចំណោម ១៧ (ដប់ប្រាំពីរ)​គណបក្សនយោបាយនេះ គណបក្សខ្លះចុះបញ្ជីបេក្ខជនជាង ១.៦០០ (មួយពាន់ប្រាំមួយរយ) ​ឃុំ សង្កាត់ គណបក្សខ្លះចុះបញ្ជីបេក្ខជនមិនដល់ ១.០០០ (មួយពាន់) ឃុំ សង្កាត់ទេ។ ដូច្នេះហើយសន្លឹកឆ្នោតមានប្រភេទខុសៗគ្នា​ អាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។

 

ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនបន្តទៀតថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩.២០៥.៦៨១ (ប្រាំបួនលានពីររយប្រាំពាន់ប្រាំមួយប៉ែតសិបមួយ) នាក់ ចំនួនការិយាល័យបោះឆ្នោត មាន ២៣.៦០២ (ម្ភៃបីពាន់ប្រាំមួយរយពីរ) ការិយាល័យ ហើយសន្លឹកឆ្នោត ត្រូវបោះពុម្ពមានប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១លានសន្លឹក។ សន្លឹកឆ្នោតត្រូវបានបោះពុម្ពចងក្រងជាក្បាល ដោយក្នុង ១ក្បាល មានចំនួន ៥០ (ហាសិប) សន្លឹក។

 

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ជូនទៀតថា សន្លឹកឆ្នោតដែលបោះពុម្ពនេះ មានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយហើយក្រុមហ៊ុនដែលដេញថ្លៃបានតាមនីតិវិធីហិរញ្ញវត្ថុ ត្រូវធានាសុវត្ថិភាពចំពោះ គ..ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។

 

ក្នុងពិធីនេះ តំណាងគណបក្សនយោបាយចំនួន ៨ (ប្រាំបី) គណបក្ស បានចូលរួមពិនិត្យ និងសង្កេតមើលសង្វាក់នៃការបោះពុម្ពសន្លឹកឆ្នោតនៅរោងពុម្ព រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សរស្មីខេមរា និងតំណាងអង្គការ សមាគម ចំនួន ៩  (ប្រាំបួន) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាព សរុបប្រមាណ ៤០ (សែសិប) នាក់៕

ទាញយកកម្មវិធី(App) CamNEC News