នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេស បានរៀបចំបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ នៅទីស្នាក់ការ របស់ខ្លួន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។
ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចអញ្ជើញទៅពិនិត្យឈ្មោះ ទិន្នន័យ និងព័ត៌មានផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលបានបិទផ្សាយនេះ ព្រមទាំង អាចស្វែងរកឈ្មោះ ទិន្នន័យ និងព័ត៌មានផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត តាមរយៈគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃទំនើប (App) NEC KH ឬតាមរយៈ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលកំពុងដំណើរការចែកជូនប្រជាពលរដ្ឋតាមភូមិនីមួយៗនៃឃុំ សង្កាត់ ទូទាំងប្រទេស ។
សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ។ ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនអស់សុពលភាព ឬបាត់ ឬខូច ឬ កែតម្រូវ សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពី គឃ.សប និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត។ ការស្នើសុំ ឯ.អ មានរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច ៕