សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤០ គ.ជ.​ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំឆ្លងការពិនិត្យ និងសម្រេចពី គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

១.    -  សេចក្តីអំពាវនាវរបស់ គ..ប សម្រាប់ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ក្នុងព្រះរាជា​ណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យ​និយោ​ជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីបានបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

        - លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់ប្រធានក្រុមហ៊ុនសន្តិសុខ ឯកជន និងប្រធានកាស៊ីណូទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ បុគ្គលិកសន្តិសុខ និងបុគ្គលិកកាស៊ីណូ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

        - លិខិតស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្ត នៃច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

២. សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមរបស់ គណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

៣. ស្ប៉តវីដេអូអប់រំ  វីដេអូចម្រៀងកាយវិការ  ស្ប៉តវីដេអូបែបជីវចល  សម្រាប់ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ដើម្បីអប់រំដល់អ្នកបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សេចក្តីសម្រេច ស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបានចូលរួមពិនិត្យមើលការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ខ្លឹមសារក្នុងសេចក្ដីសម្រេចនោះ ភ្ញៀវពិសេស គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលលើខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍ដាក់ឯកសារ​ខាងលើ ដើម្បីត្រៀមប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តបន្ទាប់ពីឯកឧត្ដមប្រធាន គ.ជ.ប បានចុះហត្ថលេខាជាផ្លូវការ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អគ្គលេខាធិការ គ.ជ.ប ឱ្យពង្រឹងកិច្ចសហការជាមួយគណៈកម្មការសន្តិសុខបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិយាកាសស្ងប់ស្ងាត់ និងរលូនល្អ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

 

ទាញយកកម្មវិធី(App) CamNEC News