សេចក្តីប្រកាសព័ត៌មាន លេខ ០៥៤ គ.ជ.ប.អគ្គ ស្ដីពីការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ ឱ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ឱ្យបានជ្រាបថា ស្ថានីយ៍ទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ FM 106 បានផ្ញើលិខិតមក គ.ជ.ប ដើម្បីជម្រាបពីការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយឃោសនាគោលនយោបាយ ឬកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

 ស្ថានីយ៍ទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ FM 106 បានកំណត់ម៉ោង និងតម្លៃ និងនីតិវិធីនៃការលក់ ឬជួលម៉ោងផ្សាយ ដូចខាងក្រោម៖

-ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុង ១ថ្ងៃចំនួន ៥៥នាទី 

-ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃ មានចំនួន ៧៧០នាទី ស្មើ ១២ម៉ោង និង ៥០នាទី

-តម្លៃលក់ ឬជួលម៉ោងផ្សាយ៖ ម៉ោងធម្មតាតម្លៃ ២៥០ដុល្លារ ក្នុងរយៈពេល ១នាទី និងម៉ោងមាសតម្លៃ ៣៥០ដុល្លារ ក្នុងរយៈពេល ១នាទី។ តម្លៃនេះមិនទាន់គិតបញ្ចូលថ្លៃផលិតវីដេអូនៅឡើយទេ។ រាល់តម្លៃសេវាកម្មទាំងអស់តម្រូវឱ្យបូកបញ្ចូលអាករលើតម្លៃបន្ថែម ១០ ភាគរយ (VAT10%)។

ចំពោះខ្លឹមសារនៃការឃោសនារបស់គណបក្សនយោបាយ ត្រូវតែស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ រួមនឹងសេចក្ដីណែនាំផ្សេងៗរបស់ គ.ជ.ប៕

 

ទាញយកកម្មវិធី(App) CamNEC News