សេចក្តីប្រកាសព័ត៌មាន លេខ ០៥៦ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តាមមធ្យោបាយផ្សេងៗ និងលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។

 

តាមការសង្កេតឃើញថា ទោះបីមានគណបក្សនយោបាយមួយចំនួនបានកំណត់យកថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើសកម្មភាពហែក្បួនឃោសនារបស់ខ្លួនសម្រាប់ភូមិសាស្រ្តមួយចំនួន ប៉ុន្តែជារួមសកម្មភាពឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ មិនសូវមានការហែក្បួនទ្រង់ទ្រាយធំដូចថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ដោយភាគច្រើនបានធ្វើការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ។

 

សរុបមកសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

 

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប ៕

ទាញយកកម្មវិធី(App) CamNEC News