នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប វេលាម៉ោង ១០:០០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជា អ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ។
ឯកឧត្តម ហង្ស ពុទ្ធា បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។
ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្តទៀតថា ជាទូទៅគណបក្សនយោបាយចំនួន ១៧ បានជូនដំណឹងអំពីការធ្វើសកម្មភាពឃោសនារបស់គណបក្សខ្លួននៅតាមឃុំ សង្កាត់ ដែលគណបក្សទាំងនោះបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ រយៈពេលឃោសនាបោះឆ្នោត ៦ថ្ងៃកន្លងមកនេះ ក្រៅពីសកម្មភាពហែក្បួនឃោសនា គណបក្សនយោបាយបានរៀបចំជាក្បួនតូចៗ ធ្វើដំណើរក្នុងឃុំ សង្កាត់ ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានសកម្មភាពជួបប្រជុំនៅលើទីតាំងក្នុងឃុំ សង្កាត់ ការចាក់មេក្រូនៅទីស្នាក់ការរបស់គណបក្ស និងមេក្រូចល័តក្នុងឃុំ សង្កាត់ ការចុះទៅជួបប្រជាពលរដ្ឋតាមផ្ទះ តាមទីសាធារណៈ ការចែកខិត្តប័ណ្ណ ការបិទផ្សាយនូវរូបភាព និងបដាស្តីពីគោលនយោបាយ និងសារនយោបាយរបស់គណបក្ស។
ឯកឧត្តម ហង្ស ពុទ្ធា បានបន្តទៀតថា គណបក្សនយោបាយទាំង ១៧ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាពដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។
ពាក់ព័ន្ធនឹងពាក្យបណ្តឹង ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ មានពាក្យបណ្ដឹង ចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកជាសំណួរពាក់ព័ន្ធនឹងបណ្តឹងទាំងនោះ។ គ.ជ.ប បានឆ្លើយបញ្ជាក់ជូនថា ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀនថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ចម្លើយមួយទៀត គ.ជ.ប បានជម្រាបជូនថា រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្តឹង ហើយទោះបីពាក្យបណ្តឹងមានតិច ឬច្រើន ក៏បណ្តឹងនោះវាមិនធ្វើឱ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតទេ។
មុននឹងបិទបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនថា គ.ជ.ប បានពន្យារពេលការចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនា បោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
នេះជាកិច្ចប្រជុំលើកទី៧ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ ហើយសមាសភាពភាគីចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៦០នាក់ មកពីក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែន- រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕