សេចក្តីប្រកាសព័ត៌មាន លេខ ០៦៣ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីប្រាំពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពស្វែងរកការគាំទ្រ តាមរយៈការឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់។ 

តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំពីរនេះ សកម្មភាពឃោសនាតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយនៅតែផុលផុស ខណៈសកម្មភាពហែក្បួនត្រូវបានរៀបចំនៅតាមឃុំ សង្កាត់មួយចំនួនផងដែរ។ ជាក់ស្ដែងនៅខេត្តបន្ទាយមានជ័យ សម្រាប់សកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ បិទផ្សាយរូបភាព និងចាក់មេក្រូ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចំនួន ៥៥ឃុំ សង្កាត់ គណបក្សភ្លើងទៀន ចំនួន ៣៥ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ១៨ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៦ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៦ឃុំ សង្កាត់ ហើយគណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពចំនួន ១ឃុំ សង្កាត់។ ចំពោះការហែក្បួន គណបក្សភ្លើងទៀន បានធ្វើសកម្មភាព ៣ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនចំនួន ១ឃុំ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនចំនួន ១ឃុំ។ 

ចំពោះសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំពីរនេះ  គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

 

ទាញយកកម្មវិធី(App) CamNEC News