សេចក្តីប្រកាសព័ត៌មាន លេខ ០៦៤ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បណ្ដាគណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

ក្នុងថ្ងៃទីប្រាំបីនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាក្នុងមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដោយភាគច្រើនតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ រីឯសកម្មភាពហែក្បួនឃោសនាគឺមានតិចតួចនៅតាមឃុំ សង្កាត់មួយចំនួន ។ តាមការកត់សម្គាល់ជាក់ស្តែង នៅក្នុងភូមិសាស្រ្តនៃខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនាចំនួន ៤៨ ឃុំ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចំនួន ៣២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៤ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ បានធ្វើសកម្មភាពចំនួន ១៧ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៥ ឃុំ សង្កាត់ និងគណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចំនួន ១ ឃុំ។ ដោយឡែក នៅខេត្តកោះកុងមានបញ្ហាភ្លៀងធ្លាក់ក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួន ដែលបានបង្កការលំបាកដល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយនីមួយៗនៅតែបន្តធ្វើសកម្មភាពឃោសនារបស់ខ្លួនស្របតាមកម្មវិធីដែលបានកំណត់។

ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore