សេចក្តីប្រកាសព័ត៌មាន លេខ ០៦៦ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់ ទៅតាមកម្មវិធីរបស់គណបក្សនយោបាយនីមួយៗ។

 

ក្នុងថ្ងៃទីប្រាំបួននេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព និងមធ្យោបាយផ្សេងៗ។ តាមការកត់សម្គាល់ នៅខេត្តស្វាយរៀង សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជា ជួបប្រជុំ ៥៩ ឃុំ សង្កាត់ និងចែកខិត្តប័ណ្ណ ១៥ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួន ២០ ឃុំ សង្កាត់ ជួបប្រជុំ ៧ ឃុំ សង្កាត់ និងចែកខិត្តប័ណ្ណ ២០ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន ២ ឃុំ សង្កាត់ ជួបប្រជុំ ១ ឃុំ និងចែកខិត្តប័ណ្ណ ៥ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ហែក្បួន ១ ឃុំ និងចែកខិត្តប័ណ្ណ ២ ឃុំ សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួន ១ ឃុំ គណបក្សសញ្ជាតិកម្ពុជា ចែកខិត្តប័ណ្ណ ៣ ឃុំ សង្កាត់ ហើយជាមួយគ្នានេះគណបក្សនយោបាយទាំងនេះក៏បានចាក់មេក្រូនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ផងដែរ។ រីឯនៅខេត្តពោធិ៍សាត់ សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជា ជួបប្រជុំ ២៤ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួន ៥ ឃុំ សង្កាត់ និងធ្វើសកម្មភាពជួបប្រជុំ ដោយឡែកគណបក្សនយោបាយ ចំនួន ៥ ទៀត រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។

 

សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore