សេចក្តីប្រកាសព័ត៌មាន លេខ ០៧០ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីដប់ពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បានធ្វើសកម្មភាពនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

ក្នុងថ្ងៃទីដប់ពីរនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតនៅតាមឃុំ សង្កាត់នីមួយៗ។ តាមការកត់សម្គាល់ នៅខេត្តកំពត គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ៥ ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ហែក្បួនចំនួន ២ ឃុំ គណបក្ស ខ្មែររួបរួមជាតិ ហែក្បួនចំនួន ១ ឃុំ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនចំនួន ១ ឃុំ ដោយឡែកគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។ រីឯនៅខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា បានហែក្បួនចំនួន ៨ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួនចំនួន ៤ ឃុំ សង្កាត់ និងគណបក្សនយោបាយចំនួន ៩ ទៀត រួមមាន គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។

ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ពីរនេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore