សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៧ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំ គណៈ-កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួនប្រាំបី  ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងសំណុំរឿងលេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ មានដើមបណ្តឹងជាប្រជាពលរដ្ឋ និងជាបេក្ខជនគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងជំទាស់ និងប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមិនបានផាកពិន័យជាប្រាក់ និងលុបឈ្មោះបេក្ខភាពឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់កាកាបទី១ នៅសង្កាត់អូឡាំពិក នៅសង្កាត់វាលវង់ នៅសង្កាត់ក្រាំងធ្នង់ នៅសង្កាត់បាក់ខែង នៅសង្កាត់បឹងកេងកងទី៣ និងនៅសង្កាត់បឹងកេងកងទី២ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឃោសនាដោយប្រើសារនយោបាយវាយប្រហារ លាបពណ៌ លើគូប្រជែង ញុះញង់ឱ្យមានការរើសអើង និងប្រមាថជាសាធារណៈចំពោះមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាដែល កំពុង​ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន។

ក្នុងសំណុំរឿងលេខ ១៥៦ ដើមបណ្ដឹងឈ្មោះ សុខ ស្រីនួន ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨៧ មានទីលំនៅ ភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាបេក្ខជនគណបក្សភ្លើងទៀន បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេច ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យរូបខ្លួន ចំនួន​ ៥.០០០.០០០ (ប្រាំលាន) រៀល។

បន្ទាប់ពីបានពិនិត្យសំណុំរឿងទាំងអស់ និងពិភាក្សាលើអង្គហេតុ និងអង្គច្បាប់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឆ្លើយតបជាលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញលើសំណុំរឿងលេខ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ ដោយខ្លឹមសារលិខិតបានបញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានសម្រេចឱ្យគណបក្សភ្លើងទៀនរាជធានីភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឃោសនាបោះឆ្នោត ដែលផ្ទុយពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌របស់គណបក្សនយោបាយមានលក្ខណៈធួនល្មមទៅនឹងទង្វើប្រព្រឹត្តកំហុសរបស់គណបក្សភ្លើងទៀនរាជធានីភ្នំពេញហើយ។

ដោយឡែកចំពោះសំណុំរឿងលេខ ១៥៦ គ.ជ.ប បានសម្រេចបដិសេធពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យឈ្មោះ សុខ ស្រីនួន ចំនួន​ ៥.០០០.០០០ (ប្រាំលាន) រៀល ស្ថិតក្នុងកម្រិតអប្បបរិមា ស្របតាមមាត្រា ១៨១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ហើយ។  

សេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore