សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥០ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

១.   សេចក្តីព្រាង ៖

      -   សេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

      -   ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

      -   គំរូលិខិតអញ្ជើញ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

      -   ទម្រង់បែបបទរ​បាយការណ៍ ស្តីពីការផ្តល់លិខិតអញ្ជើញតាមភូមិ សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២  

      -   ទម្រង់បែបបទរបាយការណ៍សរុបលទ្ធផល ស្តីពីការផ្តល់លិខិតអញ្ជើញក្នុងឃុំ សង្កាត់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

២.  សៀវភៅគោល ស្តីពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា។

៣.  សេចក្តីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

៤.   ឯកសារផ្សព្វផ្សាយអប់រំសាធារណជន រួមមាន៖

       -    ខ្លឹមសារបដាផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

       -    ខិត្តប័ណ្ណសំណួរ-ចម្លើយ ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” និង

       -    ខិត្តប័ណ្ណគំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

៥.   លិខិតជូន ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់យោបល់លើ Factual Errors នៃសេចក្តីព្រាងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

៦.   ទម្រង់បែបបទសម្រាប់ក្រុមចុះឈ្មោះបោះឆ្នោតបំពេញការងារ និងទម្រង់ស្រោមសំបុត្រដាក់សម្ភារឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។  

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារឯកសារដែលបានស្នើឡើង លើកលែងតែសៀវភៅគោល ស្តីពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ដែលអង្គប្រជុំ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញពិនិត្យ និងរៀបចំខ្លឹមសារឡើងវិញ រួចដាក់ឆ្លង គ.ជ.ប ម្តងទៀត ដោយមិនឱ្យផុតពី​ឆ្នាំ២០២៣។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២៕  

 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore