នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់ប្រធាន អនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស និងមន្រ្តី គ.ជ.ប សរុបចំនួន ៨៥នាក់ នៅទីស្ដីការ គ.ជ.ប ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាពល្អដែលធានាបាននូវ ភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ដូច្នេះដើម្បីសម្រេចបានការងារនេះ គ.ជ.ប ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ មុនដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ឯកឧត្ដម ម៉ុក ដារ៉ា បានបន្ថែមទៀតថា ដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋ មានគោលបំណងស្រង់ចំនួនប្រជាពលរដ្ឋរួមដែលមានសិទ្ធិបោះឆ្នោត ចំនួនអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកំណត់ និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ ចំនួនអ្នកដែលអាចមកសុំចុះឈ្មោះបោះឆ្នោតតាមឆ្នាំនីមួយៗ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
វគ្គបណ្ដុះបណ្ដាលនេះដែរ ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃដដែល វេលាម៉ោង ១១:៤៥នាទីព្រឹក។
ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា ដើម្បីផ្តល់ការគាំទ្រដល់ គ.ជ.ប ក្នុងការងាររៀបចំបញ្ជីបោះឆ្នោតដែលធានាបាននូវភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះជាប្រចាំរៀងរាល់ឆ្នាំ ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។
ទន្ទឹមនឹងនេះ ឯកឧត្ដម សោម សូរីដា បានណែនាំដល់ប្រធាន និងផ្នែកជំនាញនៃ លធ.ខប ទាំងអស់ ដូចខាងក្រោម៖
ទី១-យកចិត្តទុកដាក់អនុវត្តឱ្យត្រឹមត្រូវតាមសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការស្រង់ស្ថិតិប្រជាពលដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងសេចក្តីណែនាំរួមលេខ ០១៩ ស.ណ.ន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ។
ទី២-ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរាជធានី ខេត្តរបស់ខ្លួន អំពីការងារស្រង់ស្ថិតិ ពិសេសប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឱ្យពួកគាត់ចូលរួមសហការ តាមតួនាទីជាមួយអាជ្ញាធរឃុំ សង្កាត់។
ទី៣-អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ ដែលនាយកដ្ឋាន ប្រតិបត្តិការ នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានកំណត់ និងបានបែងចែកជូនតាមរាជធានី ខេត្ត។
ទី៤-យកចិត្តទុកដាក់ណែនាំរំលឹកដល់អាជ្ញាធរឃុំ សង្កាត់ ឱ្យពិនិត្យស្ថានភាពទីតាំង ការិយាល័យបោះឆ្នោតនីមួយៗឡើងវិញ ផ្អែកតាមទីតាំងជាក់ស្តែង និងបទពិសោធន៍ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការិយាល័យដែលនៅជាប់ច្រាំងទន្លេ ដែលមានហានិភ័យខ្ពស់ក្នុងការបាក់ស្រុត ឬដែលស្ថិតនៅក្នុងអគារចាស់ទ្រុឌទ្រោម ឬការិយាល័យដែលសង់រោងជាដើម ដើម្បីស្នើសុំផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ទៅកាន់ទីតាំងថ្មីដែលមានសុវត្ថិភាពជាង ឱ្យបានមុនការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ។
ទី៥-ពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់របស់ខ្លួន ដែលរួមមាន ចំនួនប្រជាពលរដ្ឋរួម ចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលមិនទាន់ចុះឈ្មោះបោះឆ្នោតទាំងអស់ក្នុងរាជធានី ខេត្តខ្លួន ចំនួនប៉ាន់ស្មានប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន និងទីតាំងការិយាល័យបោះឆ្នោតជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីបញ្ជូនមក គ.ជ.ប តាមពេលវេលាកំណត់៕