សេចក្តីជូនដំណឹង លេខ ០៦២ គ.ជ.ប.ស.ជ.ណ ស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ អ្នកសារព័ត៌មានទាំងអស់ត្រូវមានប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោ​យ ​គ.ជ.ប។

ដើម្បីទទួលបានប័ណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

-     ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន

-     លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព

-     ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬប័ណ្ណ​សម្គាល់ ​​​ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព

-     ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ

-     ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុ​​ងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

-       ច្បាប់ចម្លងនៃលិខិតឆ្លងដែន

-       ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព

-       ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖

-          ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម​អ្នកសារ​ព័ត៌​មាន

-       ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ

-       អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយ​ចំនួន ៣ អត្ថបទ។

 ពាក្យសុំ និងបែបបទសម្រាប់សុំប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូននៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) និងអាចទាញពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/5959 ។  នៅពេលបំពេញ​បែ​ប​​បទ​​​តាម​ទម្រង់​រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោ​យ​ផ្ទាល់នៅ គ.ជ.ប ឬអាច ផ្ញើតាមរយៈ E-mail: ​info@​nec.​gov.​kh ឬ Telegram (០៩៣ ៨០២ ៧៣៤)។

កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ ៖

-       អ្នកសារព័ត៌មានជាតិ ៖ ចាប់ផ្តើ​ម​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

-       អ្នកសារព័ត៌មានអន្តរជាតិ ៖ ចាប់​ផ្តើ​​​ម​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបជាព័ត៌មាន៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore