បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលសំណើរួមគ្នារបស់គណបក្សនយោបាយចំនួន ៤ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារ គ.ជ.ប ដើម្បីទទួលជួបតំណាងគណបក្សនយោបាយចំនួន ៤ ដែលមានបំណងបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលប្រជុំរបស់ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយបានលើកឡើងចំនួន ១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។
ក្រោយពីបានស្តាប់ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។
ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំង ៤ បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្របទៅតាមច្បាប់។
កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕